ភ្នំពេញ៖ដូចការសង្ស័យមែនថាសម្រាប់ខួបកំណើតឆ្នាំនេះពេជ្រ សោភា នឹងមិនត្រូវបានលោកឆឹម សក្កដា យកចិត្តទុកដាក់ឬលើកនំខេកទៅជូននាងដល់ផ្ទះដូចមុនទៀតឡើយ ឥឡូវអ្វីៗក្លាយទៅជាការពិតទើបធ្វើឲ្យសោភា ហាក់ស្រងូតស្រងាត់បន្ដិចក្នុងថ្ងៃពិសេសរបស់នាងគម្រប់អាយុ៣៩ឆ្នាំនេះ។អ្វីដែលមិនគូឲ្យនឹកស្មានមិនត្រឹមតែលោកសក្កដា នោះទេដែលមិនបានទៅអើតខួបសោភា តែសង្សារថ្មីរបស់នាងដែលទើបសាងស្នេហ៍បានជាង៥ខែនេះក៍មិនចេញមុខជាចំហSurprise នំខេក ឬមានកាដូពិសេសឲ្យនាងឡើយ។តែគេឃើញនៅលើហ្វេសបុកលោកសក្កដា បានសរសេរបែបប្រយោលសម្រាប់ជូនពរថ្ងៃខួបសោភា ដែលមានខ្លឹមសារថា”Happy Birthday to you .09.09.2022 សូមឲ្យតែមានស្នាមញញឹមគ្រប់ពេល”។

ពេជ្រ សោភា ហាក់និយាយសំដៅដល់លោកសក្កដា ដោយនាងវាចាថាគ្មានពាក្យជូនពរដូចធ្លាប់បានឃើញ រកនឹកដែរតែគិតមិនចេញ។តែសោភា បែជាបោះសំដីហាក់សំដៅទៅសង្សារថ្មីថាអរគុណគ្រប់យ៉ាងចំពោះភាពជឿរជាក់ និងនៅពីក្រោយខ្នងតែងឲ្យកំលាំងចិត្តនាងរហូតមក។

តាមរយៈការអះអាងរបស់ពេជ្រ សោភា មានន័យថានាងចង់សំដៅដល់គូស្នេហ៍ថ្មីរបស់នាងថាទោះជាលោកមិនចូលចិត្តបង្ហាញភាពផ្អែមល្ហែម ឬបង្ហាញកាយវិការយកចិត្តទុកដាក់ឲ្យគេឃើញថាលោកគិតគូដល់នាង គ្រប់ពេលវេលាក្ដី ប៉ុន្ដែបុរសរូបនោះនៅជាកំលាំងចិត្តតាមការពារនិងលើកទឹកចិត្តដល់នាងជានិច្ច។ដោយឡែកសម្រាប់លោកសក្កដា វិញបានប្រាប់អ្នកយកព័តមានយើងតាំងពីមុនថ្ងៃខួបសោភា ថាលោកលែងធ្វើដូចមុនបានទៀតហើយ ព្រោះខ្លាចកាយវិការរបស់លោកទៅជាការរំខានដល់ក្ដីសុខរបស់ពួកគេទាំងពីរ នាំឲ្យលោកក្លាយទៅជាមេរំខានគេ។ប៉ុន្ដែលោកសក្កដា ថាបើសកម្មភាពអ្វីមួយរបស់លោកចំពោះសោភា មានការអនុញ្ញាត្តិពីនាងផ្ទាល់ឬសង្សារថ្មីនាងនោះលោកអាចនឹងពិចារណាខ្លះដែរ។យ៉ាងណាក្រោយសោភា ផ្ដាច់ស្នេហ៍ជិត៦ខែនេះលោកសក្កដា បានតាំងចិត្តថាសម្រាប់ការជ្រើសគូស្នេហ៍ថ្មីលើកក្រោយនេះលោកស្បថលែងចង់បានសង្សារជាតារាទៀតហើយ ព្រោះខ្លាចនាំតែរងការឈឺចុកចាប់ទ្វេដង។

បើទោះជាពេជ្រ សោភា ហាក់ស្រង៉ាកចិត្តព្រោះថ្ងៃខួបរបស់នាងឆ្នាំនេះទាំងសង្សារថ្មីនិងចាស់ពួកគេសម្ងំលាក់ខ្លួនព្រមគ្នាក្ដី ប៉ុន្ដែសោភា នៅតែទទួលបាននំខេក និងសារជូនពរពីFan របស់នាងជាបន្ដបន្ទាប់ដែលសារភាគច្រើនពួកគេចង់ឲ្យសោភា ឆាប់យកប្ដី និងខ្លះនិយាយដាក់នាងថា”ចាស់ហើយ ធ្វើខួបទៀត”៕
