Friday, May 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងគេចោទញៀនថ្នាំ ដុតផ្ទះម៉ែឯងឆេះហ្មត់

ខឹងគេចោទញៀនថ្នាំ ដុតផ្ទះម៉ែឯងឆេះហ្មត់

ខេត្តក្រចេះ ៖ បុរសជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ ខឹងសម្បាជាមួយនឹងអ្នកជិតខាងដែលចេះតែនិយាយចោទប្រកាន់មកលើខ្លួនថា ជាមនុស្សញៀនថ្នាំ បែរជាមួម៉ៅក្តៅចិត្ត ធ្វើសកម្មភាពដុតផ្ទះម្តាយបង្កើតខ្លួនឯង បណ្តាលឱ្យឆេះអស់គ្មានសល់ ទីបំផុតត្រូវស្ត្រីជាម្តាយទ្រាំលែងបាន ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសនេះ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្បែកកើត ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល។

ជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះម្តាយបង្កើតខ្លួនឯង បណ្តាលឱ្យឆេះហ្មត់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះណូ នី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះតៀម មានទំហំ៦ ម៉ែត្រ គុណនឹង ៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះរូន រ៉ម៉ាស់ ភេទស្រី អាយុ៧៤ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះណូ នី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសជាកូន ឈ្មោះណូ នី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ធ្វើការចាប់ខ្លួន ទៅតាមបណ្តឹងរបស់ស្ត្រីជាម្តាយ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះតៀមមួយខ្នង ជារបស់ម្តាយខ្លួនឯង បណ្តាលឱ្យឆេះខូចខាតអស់ ទាំងស្រុង។

យោងតាមបណ្តឹងរបស់ស្ត្រីឈ្មោះរូន រ៉ម៉ាស់ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា កាលយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ឈ្មោះណូ នី បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះតៀមមួយខ្នង ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុង។

ក្រោយទទួលបានបណ្តឹងជននេះ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានស្រាវជ្រាវតាមចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខណៈជននេះកំពុងព្យាយាមរត់គេច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ដុតបំផ្លាញផ្ទះម្តាយខ្លួនឯងប្រាកដមែន មូលហេតុដោយសាររូបគេខឹងនឹងអ្នកជិតខាង ប្រមាថមើលងាយថា រូបគេជាមនុស្សញៀនថ្នាំ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES