Saturday, April 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តឹងលែងប្តី ខឹងស្តីបន្ទោស ញៀនល្បែង ជំពាក់លុយគេ

ប្តឹងលែងប្តី ខឹងស្តីបន្ទោស ញៀនល្បែង ជំពាក់លុយគេ

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធមួយគូ រួមរស់មិនចុះសម្រុង ឧស្សាហ៍កើតមានជម្លោះជាប្រចាំ ដោយសារភាគីស្ត្រីជាប្រពន្ធ ញៀនលេងល្បែងស៊ីសង ជំពាក់លុយគេជុំទិស លុះប្តីស្តីបន្ទោស ក៏ផ្ទុះជម្លោះ ប្តឹងសុំលែងលះដាច់ស្រេច អស់រយៈពេល ១ឆ្នាំមកហើយ ស្រាប់តែក្រោយមក ស្ត្រីជាអតីតប្រពន្ធ បានដាក់ពាក្យប្តឹងបុរសជាអតីតប្តី សាជាថ្មី ថាបានកាប់បំផ្លាញដំណាំរបស់ខ្លួន ដែលមានព្រំដីជាប់គ្នា រួមទាំងប្តឹងរាលដល់អ្នកជិតខាង ៣នាក់ទៀតថា លួចបេះបោចដំណាំ និងជេរប្រមាថមកលើខ្លួន។

អតីតប្តីប្រពន្ធដែលលែងលះគ្នារួច បន្តប្តឹងផ្តល់គ្នាឡើងតុលាការនោះ បុរសជាប្តី ឈ្មោះនួន គឹមឈាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ និងស្ត្រីជាប្រពន្ធ ឈ្មោះទូច សុខឃឿន អាយុ៥៦ឆ្នាំ មុខរបរជាកសិករ ។ អ្នកទាំងពីរ មានលំនៅក្នុងភូមិអូរខ្ទីង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានកោះហៅបុរសម្នាក់ ជាអតីតប្តីស្ត្រីមេម៉ាយម្នាក់ រួមជាមួយនឹងស្ត្រីជាអ្នកភូមិ ចំនួន ៣នាក់ផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីស្ត្រីរូបនោះ បានដាក់ពាក្យបណ្តឹងទៅ តុលាការខេត្តប៉ៃលិន ដោយចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទល្មើស

ធ្វើឱ្យខូចខាតដោយចេតនា ជេរប្រមាថដោយចេតនា និងហិង្សាដោយចេតនា ខណៈបុរសជាប្តី ព្រមទាំងអ្នកជិតខាងក្នុងភូមិ បានឆ្លើយបំភ្លឺថា មិនដូចអ្វីដែលស្ត្រីជាដើមបណ្តឹងបានប្តឹងចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនោះទេ លុះបន្ទាប់ពីខាងតុលាការសាកសួរម្នាក់ម្តងៗ រហូតដល់ម៉ោង ៣រសៀល ថ្ងៃដដែល ក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះទូច សុខឃឿន អាយុ៥៦ឆ្នាំ មុខរបរជាកសិករ មានលំនៅក្នុងភូមិអូរខ្ទីង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន បានរៀបរាប់ថា គាត់សុំប្តឹងបុគ្គល ៤នាក់ រួមមាន ទី១-ឈ្មោះនួន គឹមឈាន ភេទប្រុស អាយុ៥៤ឆ្នាំ ជាអតីតប្តី ពីបទធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិខាងលើ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។ ទី២-ឈ្មោះសុខ ចាន់ឌី ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកជិតខាង។ ទី៣-ឈ្មោះសុខ ចាន់ធី ភេទស្រី អាយុ៣៤ឆ្នាំ ជាអ្នកជិតខាង និងទី៤-ឈ្មោះសុខ ស្រីម៉ៅ ភេទស្រី អាយុ៣១ឆ្នាំ ជាអ្នកជិតខាង។ ស្ត្រីជាអ្នកជិតខាងទាំង៣នាក់នេះ រងការប្តឹងពីបទជេរប្រមាថជាសាធារណ និងហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិអូរខ្ទីង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ពាក្យបណ្តឹងខាងលើ បានបន្តថា កាលពីពេលថ្មីៗនេះ បុរសឈ្មោះនួន គឹមឈាន (ត្រូវជាអតីតប្តី) បានយកកាំបិតខ្វែវ ទៅកាប់បំផ្លាញដំណាំ ដើមទៀប និងដើមខ្នុរ របស់ខ្លួន (ដើមបណ្តឹង) អស់ជាច្រើនដើម។ លុះក្រោយពីមានការឈ្លោះប្រកែកគ្នា ដោយសាររឿងកាប់ដើមឈើនេះ ស្រាប់តែមានអ្នកជិតខាងទាំងបីនាក់ខាងលើ បានចូលទៅកាត់ត្រួយស្អំ នៅក្នុងដីរបស់គាត់ដែរ ហើយក៏ជួយខាងបុរសជាអតីតប្តី ដោយជេរប្រមាថមើលងាយមកលើគាត់ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការរស់នៅរបស់គាត់ ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។

ជុំវិញរឿងរ៉ាវបណ្តឹងខាងលើនេះ លោកនួន គឹមឈាន ជាអតីតប្តីរបស់ស្ត្រីមេម៉ាយខាងលើ បានឱ្យដឹងថា  គាត់មិនបានកាប់ដើមឈើហូបផ្លែ នៅលើដីរបស់ស្ត្រីមេម៉ាយ ជាអតីតប្រពន្ធខ្លួនឡើយ គឺគាត់កាប់នៅលើដីរបស់ខ្លួន ដែលត្រូវបានចៅសង្កាត់អូរតាវៅ បែងចែកជូន បន្ទាប់ពីលែងលះគ្នារួចមកប៉ុណ្ណោះ។ ចំពោះស្ត្រី ៣នាក់ នៅក្នុងភូមិខាងលើនេះ ក៏មិនបានទៅកាត់ត្រួយស្អំ នៅលើដីរបស់នាងដែរ គឺសុំកាត់ត្រួយស្អំ នៅលើដីរបស់លោកដដែល ដោយសុំការអនុញ្ញាតត្រឹមត្រូវ ។

ពាក់ព័ន្ធនឹងបណ្តឹងនេះ លោកនិងអ្នកជិតខាងទាំងអស់ខាងលើ ក៏បានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តប៉ៃលិន រួចរាល់អស់ហើយដែរ ដោយអ្វីៗនៅក្នុងពាក្យបណ្តឹង សុទ្ធតែជាការមួលបង្កាច់របស់ស្ត្រីខាងលើនោះប៉ុណ្ណោះ ហើយលោកនឹងសម្រេចចិត្តថា នៅថ្ងៃខាងមុខ នឹងឈប់ រស់នៅក្បែរអតីតប្រពន្ធនេះទៀតហើយ ព្រោះមិនបានទទួលក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។

បុរសជាអតីតប្តី បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការលែងលះគ្នា អស់រយៈពេល ១ឆ្នាំកន្លងមក គឺដោយសារតែស្ត្រីជាអតីតប្រពន្ធខាងលើ តែងតែយកលុយកាក់ដែលគាត់ជាប្តីរកបាន ទៅលេងល្បែងកាស៊ីណូ ហើយក៏បង្ខំឱ្យលោកទៅចងការប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដើម្បីយកប្រាក់ឱ្យគាត់ទៅលេងល្បែង លុះទ្រាំមិនបាន ក៏ស្តីបន្ទោស ទើបស្ត្រីរូបនេះខឹង សុំលែងលះ បែងចែកដីគ្នា ដោយគាត់សុខចិត្តទៅរស់នៅក្នុងខ្ទមតូចជាប់គ្នា ខាងកើតផ្ទះស្ត្រីជាអតីតប្រពន្ធនេះ។ រីឯស្ត្រីជាអតីតប្រពន្ធ ឱ្យរស់នៅលើផ្ទះថ្មធំ ខណៈបានគ្នាជាង ៣០ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ កំពុងរស់នៅខេត្តផ្សេង។

លោកនួន គឹមឈាន បញ្ជាក់ថា លោកពិតជាសុំខ្លាចស្ត្រីខាងលើមែន សូម្បីតែមេភូមិ ឬអ្នកជិតខាងជុំវិញភូមិ ក៏មិនហ៊ានទៅក្បែរនាងដែរ ព្រោះតែងតែជេរបញ្ឆិតបញ្ឆៀងដាក់គេឯងគ្រប់ៗគ្នា។

ចំណែកលោកម៉ែន ឆន មេភូមិអូរខ្ទីង បានឱ្យដឹងថា ប្តីប្រពន្ធ ១គូនេះ បានចែកផ្លូវគ្នា ជាង១ឆ្នាំ ដោយមានលិខិតលែងលះ ចេញពីខាងសង្កាត់អូរតាវៅ មិនបានឡើងទៅដល់តុលាការនោះទេ ព្រោះអត់មានសំបុត្រអាពាហ៍ពិពាហ៍ ។

លោកបន្តទៀតថា រឿងហេតុកើតឡើង គឺដោយសារស្ត្រីជាប្រពន្ធទាំងអស់ ព្រោះប្តីស្លូតបូត មិនចេះមាត់កនោះទេ ខណៈប្តីខិតខំប្រឹងប្រែងរកលុយកាក់ឥតឈប់ឈរ រហូតដល់ទិញដីចម្ការ បានជាង ២០ហិកតារ ត្រូវប្រពន្ធបង្ខំឱ្យលក់អស់ រួចយកថវិកាទៅលេងល្បែងកាស៊ីណូ ចាញ់អស់គ្មានសល់ ហើយក៏ចេះតែឈ្លោះគ្នាឥតឈប់ឈរ រហូតដល់ចុងក្រោយ ក៏សម្រេចលែងលះគ្នាតែម្តង។

ពាក់ព័ន្ធនឹងរឿងរ៉ាវចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាដើមបណ្តឹងបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES