Saturday, April 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធាក់ប្លន់ម៉ូតូស្រីស្អាត ជាប់ខ្នោះ៣នាក់

ធាក់ប្លន់ម៉ូតូស្រីស្អាត ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពជិះម៉ូតូប្រដេញធាក់ផ្តួលម៉ូតូ ១គ្រឿង ដែលជិះដោយនារីម្នាក់ បណ្តាលឱ្យដួល រួចព្រួតវាយនឹងខ្សែក្រវាត់បន្ថែម ប្លន់យកម៉ូតូ ១គ្រឿង រួចព្យាយាមរត់គេចខ្លួន អស់រយៈពេលជាង១០ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ក្របួចជាប់ទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីដេញធាក់ផ្តួល វ៉ៃប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង០៩នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចម្តុំមណ្ឌលបន្សាបគ្រឿងញៀន «ឱកាសខ្ញុំ» តាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ នាំយកមកសាកសួរ។

ជនសង្ស័យជាចោរប្លន់ម៉ូតូទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះម៉ាន់ កែវជីវិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះរុំ ថារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី៣-ឈ្មោះណាង រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះជុំ សិរីសួរ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវ១៨៤ ភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រីឯម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅ ម៉ាក Zoomer-X ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1953។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង០៩នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នារីរងគ្រោះ បានជិះម៉ូតូម៉ាក Zoomer-X ចេញពីធ្វើការសំដៅទៅផ្ទះរបស់ខ្លួនវិញ។ ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់នារីរងគ្រោះ បណ្តាលឱ្យដួល បន្ទាប់មកជនសង្ស័យបានស្ទុះចុះមកប្រើខ្សែក្រវាត់ដេញវាយនារីរងគ្រោះថែមទៀត ធ្វើឱ្យនារីរងគ្រោះ ភ័យស្លន់ស្លោ រត់ចោលម៉ូតូ ជាឱកាសល្អសម្រាប់ក្រុមជនសង្ស័យប្លន់យកម៉ូតូនារីរងគ្រោះបានសម្រេច រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់។

ក្រោយកើតហេតុ នារីរងគ្រោះជាម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនក្រុមជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពោលគឺជាង១០ថ្ងៃក្រោយមក ទើបសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់បាន ព្រមទាំងដកហូតបានម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព) រួចនាំយកទៅសាកសួរតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES