ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបង្ហោះលក់ដាវសាមូរ៉ៃ តាមបណ្តាញសង្គមហ្វេសប៊ុក លុះសមត្ថកិច្ចប្រើរូបភាពធ្វើជាអតិថិនជន ទាក់ទងទិញ ក្នុងតម្លៃ១ដើម ៥០ដុល្លារ ទីបំផុតក៏ឈានដល់ការចុះបង្ក្រាប ចាប់ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានដាវសាមូរ៉ៃ ប្រមាណជិត ២០០ដើម។
ប្រតិបត្តិការបង្ក្រាបអ្នកលក់ដាវសាមូរ៉ៃ នេះ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុច ស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ជនសង្ស័យជាឈ្មួញដាវសាមូរ៉ៃ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទីវ ឈុនទី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល លេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ចំណែកវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបាន រួមមាន ដាវសាមូរ៉ៃ សរុបចំនួន ១៩១ដើម។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង ប្រព្រឹត្តនៅ ចំណុចស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយជនសង្ស័យបានដាក់លក់ដាវសាមូរ៉ៃ នៅលើគណនីហ្វេសប៊ុក របស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven Cambo Samoria ហើយឱ្យអតិថិជនដែលចង់ទិញដាវសាមូរ៉ៃ ធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទដៃលេខ ០៨៥ ៥២២ ២៨១។
ក្រោយមក នៅវេលាម៉ោងប្រហែល ៤រសៀល សមត្ថកិច្ចបានបន្លំធ្វើជាអតិថិជនម្នាក់ ទាក់ទងទិញដាវសាមូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ពីជនសង្ស័យខាងលើ ដោយលក់ក្នុងតម្លៃ ៥០ដុល្លារ ហើយនៅវេលាម៉ោង ៥ល្ងាច ថ្ងៃដដែល ជនសង្ស័យបានយកដាវសាមូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឱ្យអតិថិជន នៅចំណុចកើតហេតុខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន និងចាប់ដកហូតយកដាវសាមូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួនមួយដើម តែម្តង។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថា ដោយមានការអនុញ្ញាតដោយផ្ទាល់មាត់តាមទូរសព្ទ ពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន នាំខ្លួនជនសង្ស័យខាងលើ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ក្នុងបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
លោកប៊ុន សត្យា បានបន្តទៀតថា ក្រោយពីបានធ្វើការឆែកឆេរបន្ទប់ជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញដាវសាមូរ៉ៃ ចំនួន១៩១ដើមបន្ថែមទៀត ហើយបានយកដាវ និងជនសង្ស័យខាងលើ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត។
ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យ រួមនិងវត្ថុតាងខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕