ខេត្តកំពង់ចាម ៖ ពិធីមង្គលការមួយបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ស្ទើរទូទាំងប្រទេស ដោយសារតែកូនកំលោះ មានវ័យជរា អាយុ៨៦ឆ្នាំ ទៅហើយ ចំណែកកូនក្រមុំ ក៏ជាក្រមុំចាស់ វ័យ៤៩ឆ្នាំទៅហើយដែរ ។
ពិធីរៀបការគូស្នេហ៍វ័យជរានេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅឯខេត្តកំពង់ចាម។
តាមប្រភពពីភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពិធីមង្គលការខាងលើ បានឲ្យដឹងថា កូនកំលោះ គឺជាកំលោះចាស់ ឈានដល់វ័យជរាទៅហើយ តែមើលទៅគាត់នៅមានកម្លាំងភឹលនៅឡើយ ។ ចំណែកកូនក្រមុំ ក៏ជាក្រមុំចាស់ដូចគ្នា មិនធ្លាប់មានគូពីមុនមកទេ ហើយប្រហែលជាគូព្រេងរបស់ពួកគាត់ទើបដល់វ័យនេះទៅហើយ ទើបរកគ្នាឃើញ និងថែមទាំងបានរៀបការតាមប្រពៃណី ដោយបានអញ្ជើញភ្ញៀវចូលរួមពិសាភោជនាហារដល់ទៅជាង ៥០តុ ក្នុងនោះមានទាំងអ្នកភ្នំពេញ ទៅចូលរួមផងដែរ។
បន្ទាប់ពីរូបភាពរៀបការរបស់គូស្នេហ៍វ័យចាស់នេះ ត្រូវបានគេផុសព្រោងព្រាតតាមបណ្តាញសង្គម ហ្វេសប៊ុក មក បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជន ដោយមានទាំងអ្នកបញ្ចេញយោបល់សរសើរ និងបង្អាប់ និងអ្នកខ្លះសរសេរលេងសើចចំអន់គ្នាថា ស្រីៗដែលមានអាយុជាង៤០ ក្បែរ៥០ និងបុរសអាយុ ជាង៨០ កុំទាន់ភ័យរឿងអត់គូ ព្រោះអាចគូព្រេងមិនទាន់មកដល់ មើលតែតាយើងខាងលើ អាយុ ជិត៩០ ទៅហើយ នៅតែរកបានប្រពន្ធក្មេងជាងគាត់ពាក់កណ្តាល។
ចំណែកអ្នកខ្លះ បានបង្អាប់តាកូនកំលោះថា ចំណាស់នេះទៅហើយ នៅចង់បានប្រពន្ធទៀត អត់គិតទៅវត្តទៅវ៉ាអីទេ ហើយមិនដឹងថា តាអាចលោតរួចឬអត់ នៅរាត្រីផ្សំដំណេក? រីឯអ្នកខ្លះទៀត បានជូនពរឲ្យគូស្វាមីភរិយាវ័យជរានេះ ស្រឡាញ់គ្នាអស់មួយជីវិត និងឆាប់មានកូន គ្រាន់បន្តពូជ ព្រោះប្រពន្ធតាអាយុក្រោម៥០ ទំនងជាអាចនៅមានសង្ឃឹមពពោះឲ្យប្តីជរានេះបាន៕