ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានទួញយំរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនដែលកំពុងប្រឈមផ្ទួនៗ ខណៈដែលបុរសជាប្តីកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ស្រាប់តែកូនប្រុស បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុក) បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត ជាហេតុធ្វើឱ្យខ្វះខាតប្រាក់សម្រាប់ព្យាបាលប្តី និងសង្គ្រោះកូនប្រុស ទើបដាច់ចិត្តទួញយំ សំពះសុំការជួយសង្គ្រោះពីសប្បុរសជននានា។
ក្រុមគ្រួសារទីទ័លក្រ ដែលកំពុងជួបនឹងបញ្ហាប្រឈមខាងលើនេះ មានលំនៅក្នុងភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
តាមសម្តីស្ត្រីឈ្មោះសរ សម្បត្តិ អាយុ៦៩ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា គាត់បានយកប្តីរបស់គាត់ឈ្មោះ អយ ជុច អាយុ៧១ឆ្នាំ ទៅព្យាបាលនៅមន្ទីរពេទ្យ មួយកន្លែង នារាជធានីភ្នំពេញ ដោយសម្រាកព្យាបាលអស់រយៈ ១៩ថ្ងៃ ប៉ុន្តែក្រុមគ្រូពេទ្យ មិនបានបញ្ជាក់ថា ប្តីរបស់គាត់មានជំងឺអ្វីឱ្យច្បាស់នោះទេ ដោយជើងប្តីរបស់គាត់កាន់តែរីកធំឡើងៗ។
ស្ត្រីចំណាស់រូបនេះ បន្តថា បច្ចុប្បន្ននេះ គាត់និងប្តី គ្មានផ្ទះសម្បែងទេ គឺពួកគាត់រស់នៅជាមួយកូន ដែលមានជីវភាពខ្វះខាត។ បើទោះបីជាអាការប្តីរបស់គាត់កាន់តែធ្ងន់ឡើង ក៏គាត់មិនមានលទ្ធភាពបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ ដោយសារតែកូនប្រុសរបស់គាត់ម្នាក់ទៀត បានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឡើយ ដោយគ្មានថវិកាសម្រាប់ព្យាបាលជំងឺកូននិងប្តី ទើបរូបគាត់ និងកូនប្រុសម្នាក់ទៀត បានសម្រេចយកម៉ូតូ ១គ្រឿង សម្រាប់ធ្វើដំណើរទៅធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ ទៅបញ្ចាំគេ ដើម្បីបានប្រាក់ខ្លះសម្រាប់ដោះស្រាយបញ្ហា។
ជាមួយនឹងភាពខ្វះខាតយ៉ាងខ្លាំងបែបនេះ ស្ត្រីចំណាស់ខាងលើ បានទទូចដង្ហោយរកសប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភជាថវិកានិងសម្ភារៈបន្តិចបន្តួច សម្រាប់ព្យាបាលជំងឺប្តី និងដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោកហឿន ហៀង មេភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល បានបញ្ជាក់ប្រាប់ថា សម្រាប់ក្រុមគ្រួសាររបស់លោក អយ ជុច និងអ្នកស្រី សម្បត្តិ គឺមានស្ថានភាពលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្ននេះ គាត់មិនមានផ្ទះសម្រាប់ស្នាក់នោះទេ គឺគាត់ទាំងពីរនាក់ រស់នៅផ្ទះ ជាមួយកូនប្រុសច្បង ដែលកំពុងមានជីវភាពទីទ័លក្រ។
លោកមេភូមិ បានបន្តថា ក្នុងនាមជាអាជ្ញាធរភូមិ លោកតែងតែផ្តល់នូវថវិកានិងអំណោយបន្តិចបន្តួចជូនក្រុមគ្រួសាររបស់គាត់ សម្រាប់ដោះស្រាយការលំបាកបានមួយគ្រាៗ។ ក្នុងនាមអាជ្ញាធរភូមិ លោកសូមអំពាវនាវដល់សប្បុរសជននានា មេត្តាឧបត្ថម្ភធនធានបន្តិចបន្តួចដល់ក្រុមគ្រួសារពួកគាត់ផង ដើម្បីទទួលបានថវិកាខ្លះសម្រាប់ព្យាបាលជំងឺរបស់គាត់។
សម្រាប់លេខទំនាក់ទំនងផ្តល់ជំនួយតាមរយៈលេខទូរស័ព្ទ ៖ ០៩៨ ៧៤៧ ២៧៧ លោកហុង បញ្ញា ឬតាមរយៈលេខកុង ABA 003 367 547 YOEUN THEARA ៕