Wednesday, November 27, 2024
Homeព័ត៌មានជាតិស្ងាត់ៗលួចបើកវិញ ឃាត់ខ្លួនស្ត្រីមេឆ្នោត៣នាក់

ស្ងាត់ៗលួចបើកវិញ ឃាត់ខ្លួនស្ត្រីមេឆ្នោត៣នាក់

ខេត្តប៉ៃលិន ៖ ក្រោយពីមានការចុះបង្ក្រាបយ៉ាងកក្រើកមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញ មេកន្ទុយលេខឆ្នោត នៅទូទាំងខេត្តប៉ៃលិន ហាក់ដូចជាស្ងប់ស្ងាត់បន្តិច ស្រាប់តែថ្មីៗនេះ មានការបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ដូចផ្សារត្រី ទើបអយ្យការ អមសាលា ដំបូងខេត្តប៉ៃលិន បានបញ្ជាឱ្យនគរបាលនៃអធិការក្រុងប៉ៃលិន ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងកត់កន្ទុយលេខ (ឆ្នោត) សាថ្មី ដោយ នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន៣នាក់ (ស្រី) បញ្ជូនទៅតុលាការខេត្ត។

ប្រតិបត្តិការចុះបង្ក្រាបមេឆ្នោតខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុច៣ទីតាំងផ្សេងគ្នា ប៉ុន្តែនៅក្នុងភូមិសាស្ត្រសង្កាត់ប៉ៃលិនដូចគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងទី១-នៅចំណុចផ្សារជាងអូន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សមត្ថកិច្ចបានចុះ ឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន២នាក់ រួមមាន ទី១-ឈ្មោះឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិខាងលើ ដោយដកហូតបានវត្ថុតាង សៀវភៅកត់កន្ទុយលេខឆ្នោតចំនួន៧ក្បាល ម៉ាស៊ីនគិតលេខចំនួន១គ្រឿង បន្ទាត់២ដើម ប៊ិច៣ដើម ប្រាក់ថៃ១០០០បាត ប្រាក់ខ្មែរ១១ម៉ឺនរៀល និងប្រាក់ដុល្លារ២១ដុល្លារ។ និងទី២-ឈ្មោះ យឹម ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដកហូតវត្ថុតាង សៀវភៅកត់កន្ទុយលេខឆ្នោត២ក្បាល ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក អូប៉ូ (Oppo) ប៊ិច៣ដើម បន្ទាត់១ដើម ប្រាក់ខ្មែរចំនួន ៦៦០០០រៀល។

ប្រភពបន្តទៀតថា ដោយឡែកនៅចំណុចផ្សារអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន សមត្ថកិច្ចបានចុះឃាត់ខ្លួន អ្នកកត់កន្ទុយលេខឆ្នោតម្នាក់ទៀត ឈ្មោះឌឿក រំដួល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដកហូតវត្ថុតាង សៀវភៅកត់កន្ទុយលេខឆ្នោត៣ក្បាល ប្រាក់ថៃចំនួន១០៧០បាត ប្រាក់ខ្មែរចំនួន១០ម៉ឺន ៥ពាន់រៀល ក្រដាសផ្តាន ១សន្លឹក ។

ប្រភពបញ្ជាក់ថា សរុបនៃការដកហូតរួមមាន សៀវភៅកត់ឆ្នោតចំនួន១២ក្បាល ម៉ាស៊ីនគិតលេខចំនួន១គ្រឿង បន្ទាត់ចំនួន៣ដើម  ប៊ិចចំនួន៦ដើម ក្រដាសផ្តាន១សន្លឹក ទូរស័ព្ទដៃម៉ាក Oppo ចំនួន១គ្រឿង ប្រាក់ថៃចំនួន ២០៧០បាត ប្រាក់ខ្មែរ ២៨១០០០រៀល និងប្រាក់ដុល្លា២១ដុល្លារ។

ស្ត្រីជាអ្នកកត់ឆ្នោតទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES