ខេត្តកណ្តាល ៖ ជនសង្ស័យ១ក្រុមមានគ្នាចំនួន១០នាក់ ប្រដាប់ដោយកាំបិតដាវគ្រប់ដៃ បានធ្វើសកម្មភាពដេញ កាប់យុវជនម្នាក់ចំនួន ៥កាំបិត រួចប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព លុះក្រោយមក ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នាំយក មកចាត់ការតាមច្បាប់។
ករណីកាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ។
ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យកាប់ប្លន់មានឈ្មោះឡុង គីមលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិតារបដូនស ឃុំគគីរ ស្រុកកៀនស្វាយ (រងរបួសចំនួន៥កាំបិត)។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះចាន់ សីហតុន អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី២-ឈ្មោះនិច សិដ្ឋិគុណ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ និងទី៣-ឈ្មោះម៉ៅ សុភារម្យ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិតាងៅក្រោម សង្តាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នា១០នាក់ ប្រដាប់ដោយដាវ និងកាំបិត បានជិះ ម៉ូតូចំនួន៥គ្រឿង បានបើកកៀរម៉ូតូរបស់ជនរងគ្រោះ រួចយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះឡុង គីមលាង ចំក្បាលចំនួន៣កាំបិត និងខ្នងចំនួន២កាំបិត រួចប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដា ស្គូបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AM-6603 ហើយ ក្រុមជនសង្ស័យ ក៏នាំគ្នាជិះចេញទៅភ្នំពេញបាត់ស្រមោលអស់។
បន្ទាប់មក ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ដើម្បីឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍ស្រាវជ្រាវតាមចាប់ ខ្លួនក្រុមជនសង្ស័យជាចោរប្លន់។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងផ្នែក នគរបាលយុត្តិធម៌ស្រុក កៀនស្វាយ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងសហការជាមួយកម្លាំងនគរបាល ខណ្ឌច្បារអំពៅ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ខាងលើ នាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្យ័យទាំងបីនាក់ បានសារភាពថា ពួកគេ និងបក្ខពួក ពិតជាបានធ្វើសកម្មភាពដេញ កាប់ជនរងគ្រោះ ប្លន់យកម៉ូតូប្រាកដមែន។ ហើយកន្លងមក ក្រុមពួកគេបានធ្វើសកម្មភាព ជិះម៉ូតូកៀរអ្នកធ្វើដំណើរ កាប់ប្លន់ បាន២ដងរួចមកហើយ តែមិនបានសម្រេច។
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ផូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាម នីតិវិធី។ ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងតាម ប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោស។/