ភ្នំពេញ ៖ ស្ត្រីម៉េម៉ាយវ័យចំណាស់ម្នាក់ កំពុងទូលនំលក់ដើរឆ្លងផ្លូវ ស្រាប់តែត្រូវម៉ូតូកង់បី១គ្រឿង ជ្រុលមកបុក យ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ ហូរឈាមតាមត្រចៀករងរបួសយ៉ាងធ្ងន់ និងបានដាច់ ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មចោលកូន៤នាក់ ខណៈដែលម៉ូតូកង់បី ក្រោយពេលបង្កហេតុរួច បានបើកគេច បាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ទល់មុខខ្លោងទ្វារវត្តជន្លង់ម្លូ ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលត្រូវម៉ូតូកង់បីបុកបណ្តាលឱ្យស្លាប់ មានឈ្មោះបឿន ស្រីពៅ អាយុ៦៧ឆ្នាំ មុខរបរលក់នំនៅតាមមុខរោងចក្រ ជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ក្នុងបន្ទុក (ប្រុស១ ស្រី៣) មានលំនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
តាមប្រភពពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះ ដើរថ្មើរជើងចេញពីផ្ទះ កាន់យួរធុងស្ពេត្រូ ទៅលក់នំ នៅមុខរោងចក្រ ដូចសព្វមួយដង ហើយខណៈដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ ជិតផុតទៅហើយ ស្រាប់តែមាន ម៉ូតូកង់បី ពណ៌លឿង១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលមកបុកស្ត្រីរងគ្រោះ ហើយកិនចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហូរឈាមចេញតាមត្រចៀក រីឯម៉ូតូកង់បី ឃើញសភាពមិនស្រួល បន្ថែមល្បឿន បើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារកូនចៅ នៅផ្ទះក្បែរនោះ នាំគ្នាលើកទៅដាក់កៀន ខាង លុះរថយន្តគ្លីនិក មកដល់ បំណងដឹកយកទៅសង្គ្រោះ ប៉ុន្តែក្រោយពីពិនិត្យជាក់ស្តែងឃើញថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកម៉ូតូកង់បីខាងលើ ដើម្បីមកដោះស្រាយ តាមបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ។/