ភ្នំពេញ ៖ កញ្ញាសេង ធារី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងសម្លៀកបំពាក់តាមលំនាំរូបសំណាកសេរីភាព ក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក ដោយកញ្ញាបានដាក់រហស្សនាមឲ្យខ្លួនឯងថា «អ្នកនាងសេរីភាព» ហើយនៅថ្ងៃនោះ កញ្ញាត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីតុលាការបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
សមត្ថកិច្ចរាជធានីភ្នំពេញ ប្រមាណ ៥០នាក់ បានចាប់ខ្លួនកញ្ញា សេង ធារី បញ្ជូនទៅពន្ធនាគារភ្លាមៗ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្ដន្ទាទោសកញ្ញា ដាក់ពន្ធនាគារ រួមជាមួយសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត ក្នុងម្នាក់ៗ ចន្លោះពី ៥ឆ្នាំ ទៅ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់» ។
នៅមុនពេលដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួន និងប្រកាសសាលក្រមកាត់ទោស កញ្ញាសេង ធារី ដែលដាក់រហស្សនាមឲ្យខ្លួនឯងថា «អ្នកនាងសេរីភាព» បានបញ្ជាក់ថាថា កញ្ញាបានត្រៀមខ្លួនរួចរាល់ចំពោះសេចក្តីសម្រេចកាត់ទោសជាប់ពន្ធនាគារ ពីតុលាការ ដោយកញ្ញា យល់ថា តុលាការ មិនបានអនុវត្តច្បាប់ ដោយយុត្តិធម៌ចំពោះអ្នកប្រជាធិបតេយ្យនោះឡើយ។ កញ្ញាបន្តថា ការចោទប្រកាន់ពីបទ «ក្បត់ជាតិ» គឺជាលេសដែលរបបផ្តាច់ការយកមកប្រើប្រាស់តែប៉ុណ្ណោះ។
បើតាមលោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញាសេង ធាវី បានបញ្ជាក់ក្រោយស្តាប់សាលក្រមថា តុលាការបានចេញដីកាចាប់ខ្លួនកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀតភ្លាមៗ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារ ៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ ដោយមិនមានការកាត់តម្រឹមទោសនោះឡើយ។
លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី), លោកអេង ឆៃអ៊ាង, លោកអ៊ូ ច័ន្ទឫទ្ធិ និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ផ្សេងទៀត ដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសជាប់ពន្ធនាគារ ម្នាក់ៗ ចំនួន ៨ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួនភ្លាមៗ ក្រោមបទចោទ «រួមគំនិតក្បត់»។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានលើកឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា ក្នុងនាមលោកជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី លោកនឹងប្រើសិទ្ធិប្តឹងឧទ្ទរណ៍ ចំពោះការចាប់ខ្លួនកូនក្តីរបស់លោក។ លោកមេធាវីរូបនេះ អះអាងទៀតថា ការចាប់ខ្លួនកញ្ញាសេង ធាវី និងការដាក់ពន្ធនាគារចំនួន ៦ឆ្នាំ ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ ខណៈកូនក្តីលោក បានព្យាយាមស្វែងរកភាពយុត្តិធម៌ ប៉ុន្តែត្រូវបានតុលាការ ទម្លាក់បន្ទុកបន្ថែមទៀតទៅវិញ។
សូមជម្រាបថា កញ្ញាសេង ធារី មេធាវីសញ្ជាតិខ្មែរ-អាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ជាង ៤០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអ្នកនយោបាយបក្សកាន់អំណាច ចោទប្រកាន់លោក សម រង្ស៊ី និងអ្នកគាំទ្រ ថាចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងនោះ សំណុំរឿងរបស់កញ្ញាសេង ធារី កាលពីដំបូងស្ថិតនៅជាមួយសកម្មជននយោបាយចំនួន ១៤០នាក់ផ្សេងទៀត។ ក៏ប៉ុន្តែក្រោយមក តុលាការ បានបំបែកសំណុំរឿងនេះ និងដាក់កញ្ញា សេង ធារី ឲ្យនៅក្នុងសំណុំរឿងមួយដាច់តែម្នាក់ឯង ហើយគិតមកទល់ការចាប់ខ្លួន កញ្ញាសេង ធារី ត្រូវបានតុលាការជំនុំជម្រះ ចំនួន១១លើករួចមកហើយ ។
ទោះយ៉ាងណា ក្រោយការចាប់ខ្លួននិងឃុំខ្លួនកញ្ញាសេង ធារី កាលពីម្សិលមិញនេះ គឺក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលតុលាការរំលាយ ជាទ្រង់ទ្រាយធំនេះ មិនបានប៉ុន្មានម៉ោងផង សហគមន៍អន្តរជាតិ លោកសេរី បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ដោយហៅការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងជាការបង្ក្រាបសំឡេងប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា សាលក្រមកាត់ទោសកញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌ ហើយថា សេរីភាពក្នុងការបញ្ចេញមតិ ការចងក្រងគ្នាជាក្រុម និងការអត់ឱនចំពោះទស្សនៈផ្ទុយ គឺជាផ្នែកដ៏សំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យ ខណៈស្ថាប័ននេះស្នើឱ្យអាជ្ញាធរកម្ពុជា ដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីសាលក្រមដ៏អយុត្តិធម៌នេះ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការរំខានចិត្តជាខ្លាំង ចំពោះសាលក្រមដ៏អយុត្តិធម៌ នាថ្ងៃនេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី និងអ្នកដទៃទៀត។ សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱនចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារសំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ដោះលែងរូបគាត់ ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារដ៏អយុត្តិធម៌»។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ ចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកនយោបាយប្រឆាំង និងកញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ព្រមទាំងជាអ្នកច្បាប់ និងអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថាជាការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើអ្នកនយោបាយ និងក្រុមមនុស្សដែលប្រឆាំងនឹងបក្សកាន់អំណាច ដោយការចោទប្រកាន់ដែលគ្មានភ័ស្តុតាងនិងមូលដ្ឋានដាក់បន្ទុកលើក្រុមប្រឆាំងនោះឡើយ៕ កុលបុត្រ