Wednesday, November 27, 2024
Homeព័ត៌មានជាតិបុរសខូចចិត្ត អារកសម្លាប់ខ្លួន

បុរសខូចចិត្ត អារកសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានចូលទៅជួលផ្ទះសំណាក់ ១កន្លែងស្នាក់នៅពេញ ១យប់ លុះដល់ម៉ោងកំណត់ បុគ្គលិកផ្ទះសំណាក់ មិនឃើញចេញមកវិញ ក៏ដើរទៅគោះទ្វារហៅ ស្រាប់តែប្រទះឃើញមានឈាមហូរចេញតាមមាត់ទ្វារ ក៏ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ទម្លាយទ្វារចូល ទៅមើល ប្រទះឃើញបុរសរូបនេះអារកខ្លួនឯងស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ ៧៧៧៧ ផ្ទះសំណាក់ “ផ្ការំចង់” មានទីតាំងស្ថិតក្នុងភូមិបវេល ឃុំបវេល ស្រុកបវេល។

បុរសដែលអារកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ គេបានឃើញបុរសខាងលើ បានចូលមកជួលផ្ទះសំណាក់ ផ្ការំចង់ ស្ថិតភូមិបវេល ឃុំបវេល ស្រុកបវេល ស្នាក់នៅមួយយប់ ដោយស្នាក់នៅតែម្នាក់ឯងប៉ុណ្ណោះ។ បន្ទាប់មកបុគ្គលិកផ្ទះសំណាក់ ក៏បាននាំជនរងគ្រោះជាភ្ញៀវ ចូលទៅស្នាក់នៅបន្ទប់លេខ ៧៧៧៧។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងប្រហែល ១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដោយមិនឃើញភ្ញៀវនោះ ចេញពីបន្ទប់ ណាមួយត្រូវដល់ម៉ោងកំណត់ស្នាក់នៅផង ទើបបុគ្គលិកផ្ទះសំណាក់ខាងលើ បានដើរទៅគោះទ្វារបន្ទប់ ដើម្បីសួរនាំភ្ញៀវថា តើស្នាក់នៅបន្តទៀត ឬយ៉ាងណា? លុះពេលទៅដល់មុខបន្ទប់លេខ៧៧៧៧ ស្រាប់តែឃើញមានឈាមហូរចេញមកតាមទ្វារ ដោយមានការសង្ស័យ ក៏បានចាក់សោទ្វារចូលមើល ស្រាប់តែឃើញបុរសខាងលើ បានដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមអារកផង ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

លោកវរសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា ករណីខាងលើនេះ ត្រូវបានម្ចាស់ផ្ទះសំណាក់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយសង្ស័យថាជាករណីឃាតកម្ម។ លុះទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យ ដល់ទីតាំងកើតហេតុភ្លាមៗ។

លោកអធិការ បន្តថា ក្រោយការពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ករណីខាងលើនេះ មិនមែនជាឃាតកម្មនោះទេ គឺជាករណីអត្តឃាតកម្ម និងសង្ស័យថា ជនរងគ្រោះគឺជាមនុស្សវិកលចរិត ព្រោះពេលដែលសមត្ថកិច្ចធ្វើកោសល្យវិច័យ ប្រទះឃើញថ្នាំសរសៃប្រសាទ ១កញ្ចប់ ហើយបុរសខាងលើ បានយកផ្លែឡាម អារក ធ្វើអត្តឃាត បណ្តាលឱ្យស្លាប់។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពបុរសខាងលើ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តផ្តាច់ព្រ័ត្រ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES