ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធមួយគូ បានជួលបន្ទប់សណ្ឋាគារនៅឯក្រុងព្រះសីហនុ ដើម្បីស្នាក់នៅ និងដើរកម្សាន្ត លុះក្រោយមក មិនដឹងជាមានបញ្ហាអ្វី ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីបុរសជាប្តី បានប្រើកូនកាំបិតចុងស្រួច ចាក់ប្រហារ ប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់ បន្ទាប់មក ក៏រុញទម្លាក់សពប្រពន្ធចុះពីលើសណ្ឋាគារ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារសមុទ្រខៀវ មានទីតាំងស្ថិតនៅក្រុម១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
សពស្ត្រីរងគ្រោះដែលត្រូវប្តីចាក់សម្លាប់ រួចរុញទម្លាក់ពីលើសណ្ឋាគារនោះ មានឈ្មោះរ៉ាន់ វ៉ីស៊ា (Ran Wei Xia) ភេទស្រី ជាជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរធ្វើការក្នុងក្លឹប។ ចំណែកជនដៃដល់ជាឃាតករ និងត្រូវជាប្តីស្ត្រីរងគ្រោះដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហាវ ហុងវ៉ី (Hao Hong Wei) ភេទប្រុស ជាជនជាតិចិន ដូចគ្នា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ បានកើតឡើងនៅលើអគារស្នាក់នៅ នៃសណ្ឋាគារសមុទ្រខៀវ ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយប្តីប្រពន្ធឈ្លោះប្រកែកគ្នា ឈានដល់មាន ហិង្សា ដោយបុរសជាប្តី ប្រើប្រាស់កាំបិតចុងស្រួច ចាក់សម្លាប់ប្រពន្ធ និងលើកទម្លាក់ពីលើអាគារមកដល់ដីបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរ និងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកមកសាកសួរ។
ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំស្រាវជ្រាវបន្ថែម ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយឡែក សពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក រង់ចាំសាច់ញាតិ និងខាងតំណាងស្ថានទូត មកទទួលនិងចាត់ចែងបន្ត៕