ខេត្តសៀមរាប ៖ ជនសង្ស័យ ១ក្រុម ដើរអួតអាងថាខ្លួនជាឯកឧត្តម ឧកញ៉ា និងបានយកម៉ាស៊ីនភ្លើង ដើរលក់ រួចប្រើល្បិចឆបោកជនរងគ្រោះ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ទីបំផុតត្រូវកម្លាំងនគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួនបានចំនួន ៥នាក់ នាំយកមកសាកសួរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កម្លាំងអធិការដ្ឋានក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យចំនួន ៥នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុះ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២-ឈ្មោះមឿន សារ៉ាវី ហៅសឿន សាវី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធា (ព្យួឈ្មោះនៅកងពលអន្តរាគមន៍លេខ២ ជើងគោក) មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះទីន លី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ។ ទី៤- ឈ្មោះឈុន សុជា ហៅហ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី៥-ឈ្មោះស្មាន ស្មាអែល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះរឹត សា ភេទស្រី អាយុ២៥ឆ្នាំ មានលំនៅ ភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានករណីឆបោក (រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់) បានកើតឡើងនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបង្កឡើងដោយជនសង្ស័យចំនួន ៥នាក់ ជិះរថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-4179 បានចូលទៅផ្ទះជនរងគ្រោះឈ្មោះរឹត សា ហើយប្រាប់ជនរងគ្រោះថា ខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដែលមិត្តភក្តិឱ្យ ដោយលក់តម្លៃដើម ១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ដោយប្រាប់ជនរងគ្រោះទៀតថា បើទិញ ពួកខ្លួនលក់តែតម្លៃ៧០០ដុល្លារទេ។ ពេលនោះ ជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ ៤០០ដុល្លារ តែជនរងគ្រោះនៅតែមិនទិញ។ បន្ទាប់មក ជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យម្នាក់ទៀតបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា “បងរបស់ឯងខ្វះលុយ ឱ្យថែមស្រាបៀរ ១៥កេស” ហើយប្អូនជនរងគ្រោះក៏ជួយលើកដាក់រថយន្តជនសង្ស័យ។ ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់។
បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកជនសង្ស័យ និងរថយន្តជនសង្ស័យ ដោយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបម្រុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋតាមរយៈការប្រើល្បិចលក់ម៉ាស៊ីនភ្លើងទៀត នៅផ្សារកន្ត្រក ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប តែត្រូវសមត្ថកិច្ចយើងប្រទះឃើញ ទើបក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនជនសង្ស័យបានទាំង៥នាក់ ខាងលើ ហើយនាំយកមកសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះសុះ លី បានរៀបរាប់ថា ខ្លួនបានប្រាប់បក្ខពួកឱ្យហៅខ្លួនថាឯកឧត្តម ឬឧកញ៉ា ដើម្បីឱ្យការលក់ម៉ាស៊ីនភ្លើង មានភាពរលូន និងមានចាត់តាំងបក្ខពួកជាអង្គរក្ស ហើយនៅថ្ងៃកើតហេតុ ខ្លួនពិតជាបានប្រាប់ទៅជនរងគ្រោះថា ខ្លួនមានងារជាឯកឧត្តម និងមានម៉ាស៊ីនភ្លើងលក់ តម្លៃដើម ១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ដោយប្រាប់ជនរងគ្រោះទៀតថា បើទិញ ពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ពេលនោះជនរងគ្រោះបដិសេធ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ ៤០០ដុល្លារ តែជនរងគ្រោះនៅតែបដិសេធ មិនទិញ បន្ទាប់មកខ្លួនពិតបានលួងលោមជនរងគ្រោះ ហើយឲ្យបក្ខពួកនាំជនរងគ្រោះទៅយកប្រាក់បានចំនួន ២៧០ដុល្លារ ក្នុងពេលដែលនាំជនរងគ្រោះទៅយកប្រាក់ ក្រុមខ្លួនបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា “បងឯងខ្វះលុយ ឱ្យថែមស្រាបៀរចំនួន ១៥កេស” ប្រាកដមែន។ រីឯប្រាក់ដែលបានពីការបោកប្រាស់លក់ម៉ាស៊ីនភ្លើង ខ្លួនជាអ្នកបែងចែកចំណែក។
ជនសង្ស័យឈ្មោះមឿន សារ៉ាវី បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ សុះ លី ឱ្យធ្វើជាអង្គរក្ស និងពេលលើកម៉ាស៊ីនភ្លើងលក់ ព្រមទាំងឱ្យពាក់ឯកសណ្ឋានយោធា លក់ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ ខ្លួនក៏ទទួលបានចំណែកផងដែរ។
ជនសង្ស័យឈ្មោះទីន លី បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះសុះ លី នាំមករកស៊ីជាមួយដោយខ្លួន ជាអ្នកបើកឡាន ដើម្បីលក់ម៉ាស៊ីនភ្លើង និងចុះអម ពេលឈ្មោះសុះ លី ចុះទៅលក់ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ ខ្លួនក៏ទទួលបានចំណែកផងដែរ។
ជនសង្ស័យឈ្មោះឈុន សុជា ហៅហ៊ុយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពជាមួយបក្ខពួក ដោយខ្លួនត្រូវឈ្មោះ សុះ លី ឱ្យធ្វើជាអង្គរក្ស និងហៅឈ្មោះសុះ លី ថាឯកឧត្តម ឬឧកញ៉ា ពេលលក់ម៉ាស៊ីន ហើយខ្លួនពិតជាបានប្រាប់ទៅប្អូនជនរងគ្រោះថា ការលក់ម៉ាស៊ីនភ្លើងនេះ គឺខ្វះប្រាក់ និងឱ្យប្អូនជនរងគ្រោះជួយលើកស្រាបៀរ ដាក់រថយន្ត ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ ខ្លួនក៏ទទួលបានចំណែកផងដែរ។
ដោយឡែក ជនសង្ស័យឈ្មោះស្មាន ស្មាអែល បានឆ្លើយសារភាពដូចជនសង្ស័យឈ្មោះឈុន សុជា ហៅហ៊ុយ ដែរ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្ត ចំនួន១គ្រឿង ម៉ាស៊ីនភ្លើង ១គ្រឿង និងម៉ាស៊ីនភ្លើងដែលជនសង្ស័យលក់ឱ្យជនរងគ្រោះ ចំនួន១គ្រឿង។
ជនសង្ស័យទាំង៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនីតិវិធី៕