ខេត្តសៀមរាប ៖ ទីតាំងហាងខារ៉ាអូខេ ១កន្លែង បានលួចលាក់បើកបញ្ចាំម៉ូតូ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ១១នាក់ ព្រមទាំងដកហូតម៉ូតូបញ្ចាំ ចំនួន១២គ្រឿងផងដែរ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចទីតាំងហាងខារ៉ាអូខេ យីហោ «អាហារដ្ឋានបងស្រី» ស្ថិតក្នុងភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយនគរបាលខេត្តសៀមរាប ដឹកនាំដោយលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកអង្គរជុំ និងនគរបាលគោកដូង ក្រោមការសម្របសម្រួលនីតិវិធីពី លោកថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
ជាលទ្ធផលនៃការបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនថៅកែហាងខារ៉ាអូខេ និងអ្នកបម្រើការនៅទីនោះ ទាំងប្រុស-ស្រី សរុប ១១នាក់ (ប្រុស២ ស្រី៩) និងបាននាំខ្លួនដើម្បីបន្តនីតិវិធីនៅការិយាល័យជំនាញ។ ជាមួយនេះ ម៉ូតូចំនួន ១២គ្រឿង ដែលបានដាក់បញ្ចាំខុសច្បាប់ នៅទីតាំងខាងលើនេះ ក៏ត្រូវបានសមត្ថកិច្ចធ្វើការដកហូត ដឹកជញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដើម្បី ស្រាវជ្រាវរកម្ចាស់ម៉ូតូពិតប្រាកដ៕