ខេត្តព្រៃវែង ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ធ្វើដំណើរចេញពីភ្នំពេញ សំដៅទៅលេងស្រុកកំណើត របស់ខ្លួននៅឯខេត្តព្រៃវែង លុះទៅជិតដល់ផ្ទះទៅហើយ ក៏លេចមុខខ្មាន់កាំភ្លើង ជិះម៉ូតូតាមមកពីក្រោយ រួចដកកាំភ្លើងបាញ់ប្រហារ ១គ្រាប់ ចំស្មា បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់ ហើយភ្លាមនោះជនរងគ្រោះបានស្ទុះក្រោករត់ចូលផ្ទះអ្នកជិតខាង ដើម្បីឱ្យគេជួយ រួចក៏ដួលសន្លប់នៅមាត់ទ្វារ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញភ្លាមៗ។
ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្តេច។
ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះហឹង ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សព្វថ្ងៃស្នាក់នៅរាជធានីភ្នំពេញ (រងរបួសធ្ងន់ត្រង់ស្មាខាងឆ្វេង ផ្នែកខាងក្រោយ ១គ្រាប់ ធ្លាយចេញមក ខាងមុខ)។ ចំណែកជនជាខ្មាន់កាំភ្លើង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយបាញ់ប្រហារជនរងគ្រោះរួច ក៏ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ គេចខ្លួនបាត់ស្រមោលភ្លាមៗ។
លោកជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1V-0648 ធ្វើដំណើរម្នាក់ឯង ចេញពីភ្នំពេញ មានគោលដៅទៅផ្ទះរបស់ខ្លួននៅឃុំបន្ទាយចក្រី។ លុះពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ១គ្រឿង មកពីក្រោយ រួចក៏ដកកាំភ្លើងបាញ់ ១គ្រាប់ ត្រូវចំស្មា បណ្តាលឱ្យដួលធ្លាក់ពីលើម៉ូតូ។ ភ្លាមនោះជនរងគ្រោះបានស្ទុះរត់ចូលផ្ទះអ្នកស្រុកដែលនៅជាប់កន្លែងកើតហេតុ ហើយក៏ដួលសន្លប់នៅមាត់ទ្វារផ្ទះតែម្តង។ ចំណែកជនជាខ្មាន់កាំភ្លើង ក្រោយពីបាញ់ប្រហារជនរងគ្រោះរួច ក៏បានជិះម៉ូតូគេចចេញទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យ ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ។
លោកអធិការ បានបញ្ជាក់ថា ជុំវិញការបាញ់ប្រហារនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ជាករណីអ្វីឱ្យប្រាកដនោះទេ ព្រោះមិនទាន់ទទួលបានព័ត៌មានពីជនរងគ្រោះ ចំណែកជនល្មើស ពេលធ្វើសកម្មភាពរួច មិនបានយកទ្រព្យសម្បត្តិឬម៉ូតូរបស់ជនរងគ្រោះទេ ដូច្នេះមិនអាចសន្និដ្ឋានថាជាករណីប្លន់ឡើយ។ យ៉ាងណា សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាជនសង្ស័យជាខ្មាន់កាំភ្លើង និងតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕