ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម ១ក្រុម មានគ្នា ៤នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច រួចធាក់ផ្តួលម៉ូតូស្ត្រីរងគ្រោះ កុំឱ្យជិះតាម និងព្យាយាមគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង តាមចាប់ខ្លួនបានភ្លាមៗ ចំនួន២នាក់ ខណៈបក្ខពួក២នាក់ទៀត បានគេចខ្លួនបាត់។
ករណីធាក់ប្លន់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ក្រុមជនសង្ស័យ មានគ្នា៤នាក់ រួមមាន ៖ ទី១-ឈ្មោះឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានលំនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះឈួន គីមឡាយ ភេទប្រុស មានលំនៅក្នុងរាជធានីភ្នំពេញ (គេចខ្លួន) និងទី៤-មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកស្ត្រីរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាក Suzuki Nex ពណ៌ផ្កាឈូក-ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-6018 ទូរស័ព្ទដៃ ចំនួន២គ្រឿង អាវយឺតដៃខ្លីពណ៌ស១ និងអាវយឺតដៃខ្លីពណ៌ខ្មៅ១។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ បានជិះម៉ូតូ ២គ្រឿង ដោយជនសង្ស័យឈ្មោះឡាយ ម៉េងឈី ជាអ្នកបើកបរម៉ូតូម៉ាក Suzuki Nex ដឹកឈ្មោះឃឹម សុខហេង ចំណែកជនសង្ស័យឈ្មោះឈួន គឹមឡាយ ជាអ្នកបើកម៉ូតូមួយគ្រឿងទៀត ម៉ាក Suzuki Nex ពណ៌ស ដឹកជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។ ពួកគេបានជិះចេញពីហាងកាហ្វេមួយកន្លែង នៅម្តុំចម្ការដូង រាជធានីភ្នំពេញ គោលបំណងទៅលេងផ្ទះរបស់ឈ្មោះឡាយ ម៉េងឈី នៅខេត្តតាកែវ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ២។
ប្រភពខាងលើ បានបន្ថែមថា លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះ ឈួន គីមឡាយ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ភេទស្រី ដែលជិះម៉ូតូតែម្នាក់ឯង ហើយភ្លាមនោះ ជនសង្ស័យម្នាក់ដែលជិះខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ រួចបានយកជើងធាក់ម៉ូតូជនរងគ្រោះ បណ្តោយឱ្យដួល។ ក្រោយធ្វើសកម្មភាពឆក់រួច ជនសង្ស័យទាំង៤នាក់ បានព្យាយាមជិះម៉ូតូគេចខ្លួន តែពេលនោះ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកដែលកំពុងល្បាត បានឃើញសកម្មភាពបែបនេះ ក៏ដេញតាមពីក្រោយ និងបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលបាលស្រុកបាទី និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចភូមិកក់ធំ ឃុំមហាឫស្សី ស្រុកគងពិសី ខណៈដែលបក្ខពួក ២នាក់ទៀត បានគេចខ្លួនបាត់។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕