ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវមួយក្រុម មានទាំងម៉ូតូ និងរថយន្ត ប្រដាប់ដោយដុំថ្ម និងដំបងបានធ្វើ សកម្មភាព ព្រួតវាយទៅលើយុវជននិងយុវតីចំនួន ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល រួចថែមទាំងវាយកម្ទេចម៉ូតូ និងកាច់បំបាក់ស្លាកលេខម៉ូតូជនរងគ្រោះចោលទៀត។
ករណីហិង្សាដ៏ឃោរឃៅដែលបង្កដោយក្រុមក្មេងទំនើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសម្តេចសុធារស ចំណុចសួនច្បារវត្តបុទមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងទំនើង ១ក្រុម ជិះម៉ូតូជាច្រើនគ្រឿង មិនចាំម៉ាក រួមទាំងរថយន្តព្រូស ១គ្រឿងផង បានឈប់នៅចំណុចទីតាំងកើតហេតុ បន្ទាប់មក ក្រុមក្មេងទំនើងទាំងនោះ មានទាំងប្រុសទាំងស្រី ក្នុងដៃប្រដាប់ដោយដុំថ្ម និងដំបង បានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើយុវតីម្នាក់ និងយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
ប្រភពដដែល បន្តថា ចំណែកក្រុមជនបង្កហេតុខាងលើនេះ នៅមិនទាន់អស់ចិត្ត ក៏បានវាយកម្ទេចម៉ូតូ ចំនួន ២គ្រឿងថែមទៀត ដោយ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ និង ១គ្រឿងទៀត ម៉ាក XR ព្រមទាំងកាច់បំបាក់ស្លាកលេខចោលទៀតផង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចតុមុខ បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុកតែប៉ុណ្ណោះ។
បច្ចុប្បន្នយុវជន និងយុវតីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ចំណែកមិត្តភក្កិយុវតីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងភ្លាមៗ ព្រោះក្រុមជនបង្កហេតុ មិនត្រឹមតែប្រើហិង្សាតែមួយមុខនោះទេ គឺបានយកទាំងទូរស័ព្ទអាយហ្វូន ១គ្រឿងថែមទៀតផង៕