ភ្នំពេញ ៖ នារីម្នាក់ ទើបតែចេញពីធ្វើការ បានដើរឡើងស្ពានជ្រោយចង្វា ស្រាប់តែមានជនសង្ស័យ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នាងចំនួន២គ្រឿង បានសម្រេច ហើយមុននឹងរត់គេចខ្លួននោះ ជនសង្ស័យថែមទាំងវាយមកលើនារីរងគ្រោះថែមទៀត។
ករណីឆក់ទូរស័ព្ទ និងប្រើហិង្សាលើនារីភេទខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានជ្រោយចង្វា ក្បែរនឹងរវង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសម្តីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងទើបតែចេញពីធ្វើការ ហើយក៏ដើរឡើងមកស្ពានជ្រោយចង្វា ពេលនោះស្រាប់តែមានជនសង្ស័យបានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ របស់នាង ចំនួន២គ្រឿង បានសម្រេច ហើយមុននឹងរត់គេចខ្លួន ជនសង្ស័យថែមទាំងវាយមកលើនាងទៀត បណ្តាលឱ្យរូបនាងភ័យស្លន់ស្លោរ រត់សុំគេជួយដឹកមករកសមត្ថកិច្ចនៅចំណុចស្ពានជ្រោយចង្វាត្រើយខាងកើត ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ភ្លាមៗក៏មានមិត្តភក្តិជនរងគ្រោះ បានមកដល់ បានសុំសមត្ថកិច្ចនាំជនរងគ្រោះទៅមន្ទីរពេទ្យព្យាបាលរបួសសិន រួចបានទៅដាក់ពាក្យបណ្តឹងតាមក្រោយ ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកចាត់ការតាមច្បាប់៕