Friday, April 26, 2024
Homeព័ត៌មានជាតិស្រីស្អាតដើរលេងយប់ ចោរឆក់ទូរស័ព្ទកាដូថ្ងៃកំណើត

ស្រីស្អាតដើរលេងយប់ ចោរឆក់ទូរស័ព្ទកាដូថ្ងៃកំណើត

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ទើបនឹងត្រឡប់មកពីដើរលេងជាមួយមិត្តភក្តិ ក៏ជិះម៉ូតូទៅផ្ទះ ជិតដល់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទ ១គ្រឿង ជាកាដូដែលបងប្រុសនាងទើបនឹងទិញ ឱ្យថ្ងៃខួបកំណើត យកទៅបានសម្រេច ធ្វើឱ្យនារីរងគ្រោះព្យាយាមជិះម៉ូតូដេញតាមពីក្រោយផង ស្រែកចោរ!ៗ តែដេញមិនទាន់ ក៏បាត់ដាន ធ្វើឱ្យបានត្រឹមតែអង្គុយយំស្តាយប៉ុណ្ណោះ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវ ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមការបញ្ជាក់ពីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកធូដេ ដឹកគ្នាជាមួយនិងមិត្តម្នាក់ទៀត ចេញពីវត្តបទុមតី ត្រឡប់មកផ្ទះវិញ។ លុះជិះមកដល់ផ្លូវ៦០៨ ជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានលូកដៃឆក់យកទូរស័ព្ទរបស់នាង ១គ្រឿង ម៉ាក iPhone X ដែលជាទូរស័ព្ទបងប្រុសនាង ទើបនឹងទិញឱ្យ ជាកាដូថ្ងៃខួបកំណើត យកទៅបាត់។ ភ្លាមនោះ នាងបានព្យាយាមជិះម៉ូតូដេញតាមពីក្រោយ ស្រែកឱ្យគេជួយដែរ តែដោយសារល្បឿនម៉ូតូរបស់នាងដេញមិនទាន់ម៉ូតូជនសង្ស័យ ទើបបាត់ដានត្រឹមខណ្ឌដូនពេញ។

នារីរងគ្រោះ បន្តថា តាមពិតនាងមិនចង់ជិះតាមផ្លូវហ្នឹងទេ ព្រោះស្ងាត់ពេក តែផ្លូវនេះជាផ្លូវកាត់លឿន ឆាប់ដល់ផ្ទះ ទើបឱ្យមិត្តជិះតាមផ្លូវនេះ តែមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវចោរឆក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ដោយបានណែនាំឱ្យជនរងគ្រោះខាងលើ ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចងាយស្រួលស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនសង្ស័យ និងចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES