Wednesday, November 27, 2024
Homeព័ត៌មានជាតិកូនប្រុសជួយភ្ជួរស្រែម៉ែ រន្ទះបាញ់ស្លាប់២នាក់

កូនប្រុសជួយភ្ជួរស្រែម៉ែ រន្ទះបាញ់ស្លាប់២នាក់

ខេត្តកោះកុង ៖ ក្មេងប្រុសវ័យជំទង់ចំនួន ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បាននាំគ្នាទៅជួយភ្ជួរស្រែម្តាយ និងមីងរបស់ខ្លួន ស្រាប់តែអកុសល ពេលកំពុងភ្ជួរស្រែ មានធ្លាក់ភ្លៀងមួយមេ លាយឡំនឹងខ្យល់កន្ត្រាក់ ព្រមទាំងផ្គររន្ទះផង ស្រាប់តែរំពេចនោះ កើតមានបាតុភូតរន្ទះបាញ់ ចំក្មេងប្រុសទាំង២នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចវាលស្រែត្រែង ស្ថិតក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល។

 ក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នោះ ទី១-ឈ្មោះបូ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះរតនៈ ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស។ ក្មេងប្រុសទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមការបំភ្លីពីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា មុនពេលកើតហេតុ កូនប្រុសនិងក្មួយប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើ) បាននាំគ្នាទៅជួយភ្ជួរស្រែគាត់ តាំងពីព្រឹក។ រហូតមកដល់វេលាម៉ោង ៤រសៀល ស្រាប់តែមានភ្លៀង ១មេធ្លាក់ចុះមក លាយផ្គររន្ទះផង លុះបន្តិចក្រោយមក ក៏ត្រូវរន្ទះបាញ់ចំក្មេងទាំងពីរ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សពក្មេងប្រុសរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES