Wednesday, November 27, 2024
Homeព័ត៌មានជាតិជំពាក់ ១៨លាន អត់សង ប្តីជាប់ខ្នោះ ប្រពន្ធរត់បាត់

ជំពាក់ ១៨លាន អត់សង ប្តីជាប់ខ្នោះ ប្រពន្ធរត់បាត់

ភ្នំពេញ ៖ អាជីវករលក់បន្លែ ២នាក់ប្តីប្រពន្ធ បានទិញបន្លែពីម៉ូយរបស់ខ្លួន យកមកលក់ និងបានជំពាក់ប្រាក់ថ្លៃទិញបន្លែ ជាបន្តបន្ទាប់ សរុបដល់ទៅ ១៨លាន ៧០ម៉ឺនរៀល រួចចេះតែព្យាយាមគេចវេះ មិនព្រមសងប្រាក់ទៅម៉ូយបន្លែ របស់ខ្លួនវិញសោះ ទីបំផុតត្រូវម្ចាស់បំណុលដាក់ពាក្យបណ្តឹង ចាប់ឃាត់ខ្លួនបុរសជាប្តី ខណៈដែលស្ត្រីជាប្រពន្ធ បានគេចខ្លួនបាត់។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ២០២២ ជនសង្ស័យឈ្មោះស៊ីវ ស្រីហេង ភេទស្រី អាយុ៤៣ឆ្នាំ បានកុម្មង់ទិញបន្លែពីជនរងគ្រោះឈ្មោះកាន សិលា ភេទប្រុស ជាបន្តបន្ទាប់ ហើយមិនបានទូទាត់សាច់ប្រាក់រហូត ដល់ចំនួន ១៨លាន ៧០ម៉ឺនរៀល យកមកលក់នៅផ្សារស៊ិនជូរីផ្លាហ្សា ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះតាមរកឃើញជនសង្ស័យឈ្មោះស៊ីវ ស្រីហេង នៅផ្ទះជួលក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើការឃាត់ខ្លួន នាំមកប្រគល់ជូនសមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង។

បន្ទាប់មក នៅវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ សន លីតូង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីសង្ស័យខាងលើ បានមកជួយដោះស្រាយប្រពន្ធរបស់ខ្លួន ដោយបានអង្គុយហូបទឹកសុទ្ធនៅកន្លែងលក់ដូរក្នុងសាលាសង្កាត់កាកាបទី១ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយបានទូរស័ព្ទប្រាប់ជនរងគ្រោះថា ខ្លួនមានលុយចំនួន១លានរៀល ដើម្បីយកមកទូទាត់សាច់ប្រាក់ឱ្យជនរងគ្រោះឈ្មោះកាន សិលា ប៉ុន្តែជនរងគ្រោះមិនយល់ព្រម ដោយប្រាប់ជនសង្ស័យជាប្តីថា ចាំមានលុយចំនួន ៥លានរៀល ចាំនិយាយជាមួយគ្នា។ ពេលនោះ ជនសង្ស័យជាប្តី បានទៅរៃអង្គាសពីបងប្អូនបានលុយចំនួន១លានរៀលថែមទៀត ក៏ទូរស័ព្ទទៅជនរងគ្រោះ តែទូរស័ព្ទចូលហើយ ជនរងគ្រោះមិនលើកទៀត។ ក្រោយមក ជនរងគ្រោះបានលើកទូរស័ព្ទនិយាយថា ប្រសិនបើមានលុយចំនួន ៥លាន គឺនិយាយជាមួយគ្នាបាន។

ក្រោយមក ជនសង្ស័យជាប្តី បានដើរទៅយកម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-3105 នៅក្នុងរោងផ្ញើម៉ូតូ ក្នុងសាលាសង្កាត់កាកាបទី១ ក៏ឃើញប្រពន្ធរបស់ខ្លួនដើរចេញពីកន្លែងសមត្ថកិច្ចនគរបាល រួចក៏ដឹកប្រពន្ធជិះម៉ូតូចេញទៅដាក់នៅមុខរោងចក្រសេ៧ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ហើយនៅថ្ងៃដដែលនោះ វេលាម៉ោង ៩យប់ ជនសង្ស័យ ជិះម៉ូតូតែម្នាក់ឯង មកផ្ទះជួលវិញ នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពេលដល់ផ្ទះជួល ក៏ចូលសម្រាកបាត់ទៅ។

រហូតមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក៏មានសមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តី ឈ្មោះស្រែន លីគ័ង យកមកសាកសួរនៅផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។ ចំណែកជនសង្ស័យជាប្រពន្ធ ឈ្មោះស៊ីវ ស្រីហេង  អាយុ៤៥ឆ្នាំ បានរត់គេចខ្លួនបាត់។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES