ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញចំនួន ២ខេត្ត រួមមាន ខេត្តព្រះសីហនុ និងខេត្តកណ្តាល បានសហការ គ្នាបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរអាវុធខុសច្បាប់ ដោយជោគជ័យ ដោយបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង កាំភ្លើងខ្លីវែង ចំនួន ៣ដើម ព្រមទាំងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ពាក់ព័ន្ធករណីជួញដូរអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្ត ឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួន មានឈ្មោះយិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានលំនៅក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
ប្រភពដដែល បន្តថា ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន អាវុធចំនួន ៣ដើម ១-អាវុធខ្លី ម៉ាក Glook19 លេខ BPRV205។ ២-អាវុធខ្លី ម៉ាក Glook លេខ EVO403 និង៣-អាវុធវែង ម៉ាក CZ SCORPION EVO3A1។ បំពង់ខ្ទប់សំឡេង ចំនួន១០៤។ គ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន ៤២៦គ្រាប់។ បង់ចំនួន៦ (ខ្លីចំនួន៤ វែងចំនួន២) និងសម្ភារៈ ជួសជុលអាវុធ មួយចំនួន។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕