Friday, March 29, 2024
Homeព័ត៌មានជាតិទើបចេញពីគុក គប់ក្បាលឪ១អង្រែ ទាញកាំបិត​ដេញកាប់ប្អូន

ទើបចេញពីគុក គប់ក្បាលឪ១អង្រែ ទាញកាំបិត​ដេញកាប់ប្អូន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៦ខែ លុះចេញមកវិញ ប្រើប្រាស់សារធាតុញៀន ហួសកម្រិត ក៏ធ្វើការអុកឡុកក្រុមគ្រួសារ វាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះខ្ទេចអស់ និងថែមទាំងទាញអង្រែបុកគ្រឿង គប់ក្បាលឪពុកបង្កើតរបស់ខ្លួនទៀតផង តែសំណាងល្អ មិនត្រូវ រួចក៏រត់គេចខ្លួនបាត់ លុះស្អែកឡើង ចូលផ្ទះវិញ ក៏ទាញកាំបិតដេញកាប់ ប្អូនប្រុសបង្កើតខ្លួនឯងទៀត ជាហេតុធ្វើឱ្យក្រុមគ្រួសារ ទ្រាំលែងបាន ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះថូ ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។ រីឯវត្ថុតាងចាប់យក រួមមាន អង្រែបុកគ្រឿង ចំនួន១ និងកាំបិតផ្គាក់ ចំនួន១។ ចំណែកសម្ភារៈខូចខាត បណ្តាលឱ្យបែកពាងទឹក អស់ចំនួន១។ ចំណែកជនរងគ្រោះ ទី១-ឈ្មោះចាន់ ថូ (ត្រូវជាឪពុកបង្កើតជនសង្ស័យ) និងទី២-ឈ្មោះថូ ធារ៉ា (ត្រូវជាប្អូនបង្កើតជនសង្ស័យ) មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ៦ខែ ពីបទគំរាមកំហែងថានឹងសម្លាប់។ លុះក្រោយពេលចេញមកវិញ ជនសង្ស័យតែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ រហូតមកដល់វេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យបានផឹកស្រាស្រវឹង រករឿងនិងគំរាមជនរងគ្រោះជាឪពុក ឈ្មោះចាន់ ថូ ហើយបានវាយបំផ្លាញពាងទឹក បែកធ្លុះធ្លាយអស់ចំនួន១ បន្ទាប់មក ជនសង្ស័យឈ្មោះថូ ភារម្យ បានយកអង្រែបុកគ្រឿង គប់សំដៅក្បាលឪពុករបស់ខ្លួនថែមទៀត តែមិនត្រូវ លុះពេលធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ ថូ ភារម្យ បានគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់មក នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក៏លេចមុខជនសង្ស័យឈ្មោះថូ ភារម្យ បានចូលមកផ្ទះវិញ ហើយបានមករឿងជនរងគ្រោះឈ្មោះថូ ធារ៉ា ដែលត្រូវជាប្អូនបង្កើត ដោយបានយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះឈ្មោះថូ ធារ៉ា ថែមទៀត តែជនរងគ្រោះបានរត់គេចខ្លួនទាន់។

ដោយទ្រាំនឹងទង្វើជនសង្ស័យមិនបាន ជនរងគ្រោះទាំងពីរនាក់ឪពុកកូន ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES