ភ្នំពេញ ៖ បុរសម្នាក់ ហេតុតែភ្លើងប្រចណ្ឌដុតរោល ក៏កើតមានរឿងឈ្លោះប្រកែកជាមួយនឹងនារីជាគូដណ្តឹងរបស់ខ្លួនជាញឹកញាប់ រហូតដល់ចុងក្រោយ ផ្ទុះជាអំពើហិង្សា យកកាំបិតចុងស្រួច ចាប់អារកគូដណ្តឹងរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកក្នុងថ្លុកឈាម លុះនឹកស្មានថា នារីជាគូដណ្តឹងស្លាប់ហើយ ក៏អារកសម្លាប់ខ្លួនតាមក្រោយដែរ បណ្តាលឱ្យរងរបួសធ្ងន់ទាំង ២នាក់ និងត្រូវបានអ្នកជិតខាង រួមនិងសមត្ថកិច្ច ចុះអន្តរាគន៍ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។
ករណីភ្លើងប្រចណ្ឌ រហូតក្លាយជាអំពើហិង្សា អារកសម្លាប់គូដណ្តឹង រួចអារកសម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល លេខ១៨៩ បន្ទប់លេខ២៣ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនដៃដល់ដែលចាប់អារកនារីជាគូដណ្តឹង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉េង លី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល លេខ១៣ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះជាគូដណ្តឹង មានឈ្មោះ កង ឡាំង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៣ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់ ត្រូវជាគូដណ្តឹងនឹងគ្នា ប៉ុន្តែរយៈពេលកន្លងមកនេះ ពួកគេហាក់មិនសូវចុះសម្រុងនឹងគ្នាសោះ ដោយសារតែខាងប្រុស មានចិត្តប្រចណ្ឌហួងហែងខាងស្រីខ្លាំង ទើបធ្វើឱ្យកើតមានជម្លោះពាក្យសម្តីមិនចេះចប់ ស្រាប់តែចុងក្រោយ ក៏កើតមានរឿងធំ ដល់ថ្នាក់ចាប់អារក ប៉ងសម្លាប់នារីជាគូដណ្តឹង រួចអាករខ្លួនឯង ដើម្បីសម្លាប់ខ្លួនតាមក្រោយបែបនេះតែម្តង។
តាមសម្តីឈ្មោះសុខ ផល្លា ជាម្ចាស់ផ្ទះជួល បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកជួលបន្ទប់របស់គាត់ បានទូរស័ព្ទប្រាប់គាត់ថា មានករណីប្តីអារកប្រពន្ធ នៅក្នុងបន្ទប់ជួល លេខ១៣ ភ្លាមនោះរូបគាត់បានឡើងទៅអើតមើល ឃើញអ្នកទាំង២ ដេកលើពូក ប្រឡាក់សុទ្ធតែឈាម ពេលនោះគាត់ក៏ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ តែជនដៃដល់បានខ្ទាស់គន្លឹះខាងក្នុងជាប់។ ភ្លាមនោះ រូបគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះជួយធ្វើអន្តរាគមន៍ ប៉ុន្តែខណៈពេលដែលសមត្ថកិច្ចចុះមកដល់ ជនដៃដល់ក៏មិនព្រមបើកទ្វារឱ្យចូលទេ រហូតបងប្អូនជនដៃដល់មកដល់ ព្យាយាមលួងលោម ទើបជនដៃដល់ព្រមឱ្យបើកទ្វារ។
ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ មកទទួលជនរងគ្រោះ និងជនដៃដល់ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះជីវិត។ ចំណែកជនដៃដល់ ក្រោយពេលក្រុមគ្រូពេទ្យព្យាបាលរបួសរួចហើយ សមត្ថកិច្ចនឹងនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕