Saturday, April 20, 2024
Homeព័ត៌មានជាតិកូនធម៌ លួចលុយម៉ែជិត៤ម៉ឺនដុល្លារ ជាប់ខ្នោះ២នាក់

កូនធម៌ លួចលុយម៉ែជិត៤ម៉ឺនដុល្លារ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ បុរស២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចលុយម្តាយធម៌ ជិត៤ម៉ឺនដុល្លារ ដែលទើបបើកចេញពីធនាគារ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះរៀម សុខា ស្នាក់នៅវត្តស្ទឹងមានជ័យ ពេលចាប់ខ្លួន សមត្ថកិច្ចបានដកហូតប្រាក់ចំនួន ២១០០០ដុល្លារ ជារបស់ជនរងគ្រោះ និងទី២-ឈ្មោះហោ សំអុល ភេទប្រុស ជាក្មួយរបស់ឈ្មោះរៀម សុខា ពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបានប្រាក់ចំនួន ១៥ ៧៥០ដុល្លារ ជារបស់ជនរងគ្រោះ។

ពាក់ព័ន្ធករណីលួចប្រាក់នេះ បើតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះអ៊ុក សាខន ភេទស្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះរៀម សុខា និងឈ្មោះហោ សំអុល បានលួចប្រាក់របស់គាត់ចំនួន ៣៦ ៧៥០ដុល្លារ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ បន្ទាប់មក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះរៀម សុខា នៅផ្ទះកើតហេតុតែម្តង ហើយដកហូតលុយបានចំនួន ២១ ០០០ដុល្លារ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះរៀម សុខា សមត្ថកិច្ចបានបន្តទៅចាប់ខ្លួនឈ្មោះ ហោ សំអុល នៅភូមិឈ្នះជ័យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយដកហូតលុយមកវិញចំនួន ១៥ ៧៥០ដុល្លារ។

ទាក់ទិននឹងអំពើលួចប្រាក់ម៉ែធម៌នេះ ឈ្មោះរៀម សុខា បានឆ្លើយសារភាពថា ខ្លួនបានស្គាល់លោកស្រី អ៊ុក សាខន និងប្តីដែលរស់នៅប្រទេសបារាំង ក្នុងពេលដែលខ្លួនបានទៅសូត្រមន្តកាលខ្លួននៅជាសង្ឃ ហើយក៏បានរាប់អានគ្នាជាកូនធម៌ ម៉ែធម៌ រហូតមក ហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ម៉ែធម៌ បានប្រើខ្លួនឱ្យទៅបើកលុយពីធនាគារ ចំនួន ៣៦ ៧៥០ដុល្លារ ដែលផ្ញើពីបរទេសមកឱ្យ។ ពេលមកដល់ផ្ទះ ក៏រាប់លុយជាមួយម៉ែធម៌ ទុកដាក់រួច ក៏ចេញដំណើរទៅខេត្តកំពង់ស្ពឺ យកកាតវ៉ាក់សាំង ហើយខ្លួនចាក់សោទ្វារមុខ មិនចាក់សោទ្វារក្រោយទេ ហើយក្នុងពេលរាប់លុយនោះ ខ្លួនបានថតរូបភាពកន្លែងទុកលុយ បន្ទប់ និងផ្លូវចូលខាងក្រោយ ផ្ញើឱ្យឈ្មោះហោ សំអុល ដើម្បីចូលលួច។

លុះដល់ពេលល្ងាច ត្រឡប់មកវិញ ឈ្មោះហោ សំអុល បានទូរស័ព្ទប្រាប់ថា លួចបានជោគជ័យហើយ។ បន្ទាប់មក ខ្លួនបានទៅជួបហោ សំអុល ដកយកប្រាក់ ២១ ០០០ដុល្លារ នៅសល់ប៉ុន្មាន ប្រគល់ឱ្យហោ សំអុល ហើយក៏បែកផ្លូវគ្នាទៅ លុះដល់ថ្ងៃទី១៨ ខែមិថុនា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

RELATED ARTICLES