ភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់ បានកើតមានជំងឺប្រចាំកាយច្រើនមុខ ប៉ុន្តែដោយសារជីវភាពគ្រួសារខ្វះខាត ទើបគ្មានលទ្ធភាពទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ បានត្រឹមត្រូវ បែរជាផឹកស្រាស្រវឹងជាប់ជាប្រចាំថែមទៀត ទោះជាបុរសជាប្តីព្យាយាមហាមឃាត់យ៉ាងណាក៏មិន ស្តាប់ ទីបំផុតដេកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះ បានកើងឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចដីឡូត៍ ភូមិទួលពង្រ សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលដេកស្លាប់ មានឈ្មោះវឿន អាយុ៣៧ឆ្នាំ មុខរើសអេតចាយ មានស្រុកកំណើតនៅភូមិបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្តីឈ្មោះយេង ភា មុខរបររើសអេតចាយជាមួយគ្នា បច្ចុប្បន្នស្នាក់នៅដីឡូត៍ទីតាំងកើតហេតុខាងលើ។
តាមការបំភ្លឺរបស់បុរសជាប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា ប្រពន្ធរបស់គាត់ មានជំងឺប្រចាំកាយច្រើនមុខណាស់ ប៉ុន្តែដោយសារជីវភាពក្រីក្រខ្លាំងពេក គ្មានប្រាក់បញ្ជូនប្រពន្ធទៅមន្ទីរពេទ្យព្យាបាលជំងឺនោះឡើយ ទើបចេះតែទុកបណ្តោយតាមយថាកម្ម។ ចំណែកប្រពន្ធរបស់គាត់ ទៀតសោត ត្បិតថាមានជំងឺជាប់ខ្លួនបែបនេះទៅហើយ ប៉ុន្តែចូលចិត្តផឹកស្រាខ្លាំងណាស់ ផឹកស្រវឹងជាប្រចាំ និងមិនសូវនឹកនារឿងបាយទឹកនោះឡើយ ហើយគាត់ជាប្តី ព្យាយាមឃាត់ប្រពន្ធកុំឱ្យផឹកស្រាច្រើនដែរ តែប្រពន្ធមិនស្តាប់សោះឡើយ។
បុរសជាប្តី បន្តថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បានកើតមានអាការហត់ តឹងទ្រូង ហូបអីមិនបានសោះ រហូតមកដល់វេលាម៉ោងកើតហេតុ ប្រពន្ធគាត់ក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារជំងឺរាំរ៉ៃប្រចាំកាយ គួបផ្សំនឹងផឹកស្រាជោកថែមទៀត។
សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕