Wednesday, November 27, 2024
Homeព័ត៌មានជាតិសុំលុយលោះទូរស័ព្ទ ម៉ែមិនឱ្យ កូនដុតផ្ទះឆេះហ្មត់

សុំលុយលោះទូរស័ព្ទ ម៉ែមិនឱ្យ កូនដុតផ្ទះឆេះហ្មត់

ខេត្តកណ្តាល ៖ យុវជនម្នាក់ ព្រោះតែដើរលេងផឹកស៊ីផុងខ្លួន ក៏យកទូរស័ពទៅដាក់បញ្ចាំ ៣០ដុល្លារ យកលុយ មកផឹកស៊ីបន្ត រហូតដល់អស់ពីខ្លួន ត្រឡប់ចូលផ្ទះវិញ ក៏រំអុកសុំលុយម្តាយ៣០ដុល្លារ ដើម្បីយកទៅលោះទូរស័ព្ទវិញ តែម្តាយមិនមានលុយឱ្យ ស្រាប់តែកូនប្រុសកំណាច មួម៉ៅក្តៅចិត្ត ធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសកំណាចដុតផ្ទះម្តាយបង្កើតឆេះខ្ទេច ដោយគ្រាន់តែខឹងរឿងសុំលុយម្តាយចំនួន៣០ដុល្លារ មិនបានតាមបំណងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៥០នាទីព្រលប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ជនរងគ្រោះជាម្ចាស់ផ្ទះ និងត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ មានឈ្មោះចាប ចាន់ណារី អាយុ៥១ឆ្នាំ មុខរបរមន្ត្រីសាលាខេត្តកណ្តាល មានលំនៅ ផ្ទះកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ។ ដោយឡែក ជនបង្កហេតុជាកូនប្រុស ដែលដុតផ្ទះម្តាយបង្កើតឆេះហ្មត់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ិន ប្រសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានដើរលេងបាត់ពីផ្ទះ រហូតដល់ចាយវាយលុយកាក់អស់ពីខ្លួន និងថែមទាំងបញ្ចាំទូរស័ព្ទទៀតផង។ លុះពេលចូលមកដល់ផ្ទះវិញ ជនសង្ស័យបានទារលុយពីជនរងគ្រោះជាម្តាយ ចំនួន ៣០ដុល្លារ ប្រាប់ថា យកទៅលោះទូរស័ព្ទ តែស្ត្រីរងគ្រោះជាម្តាយ មិនមានលុយឱ្យ ធ្វើឱ្យជនសង្ស័យខឹងបាននិយាយគំរាមថា “តិចទៀតដឹងគ្នាហើយ នឹងមានអីកើតឡើង…” និយាយរួច ជនសង្ស័យ បានដើរចេញពីផ្ទះបាត់ទៅ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ បានដើរត្រឡប់មកផ្ទះវិញ ឃើញដូចនោះ ស្ត្រីរងគ្រោះជាម្តាយខ្លាចជនសង្ស័យអុកឡុកទារលុយទៀត ក៏បាននាំកូនស្រីឡើងទៅលើផ្ទះ ទាញទ្វារបិទ ចំណែកជនសង្ស័យ បានដើរចូលទៅក្នុងផ្ទះជាន់ក្រោម បានរយៈពេលប្រហែល ២០នាទីក្រោយមក ស្រាប់តែជនរងគ្រោះធុំក្លិនឈ្ងៀមផ្សែងភ្លើង ពេលនោះជនរងគ្រោះ បានបើកទ្វារចេញមក ឃើញភ្លើងឆេះពីបន្ទប់ខាងក្រោមផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបានឃើញជនសង្ស័យ ដើរចេញទៅពួនក្រោយផ្ទះ លុះឃើញមានការផ្អើលឆោឡោខ្លាំង ជនសង្ស័យក៏ប្រញាប់រត់គេចខ្លួនបាត់តែម្តង។

បន្ទាប់មក ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ តែយឺតពេលទៅហើយ ដោយផ្ទះទាំងមូលបានក្លាយជាចំណីភ្លើងគ្មានសល់។

តាមការបញ្ជាក់ពីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ហេតុការណ៍អគ្គិភ័យដែលបង្កឡើងដោយស្នាដៃកូនប្រុសបំផ្លាញខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ប្រាក់ ៤០ម៉ឺនរៀល និងជាង១ពាន់ដុល្លារ រួមនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងឯកសារមួយចំនួន ត្រូវភ្លើងឆេះអស់គ្មានសល់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ ពុំព្រមឆ្លើយសារភាពឡើយ តែយ៉ាងណា ក្រុមគ្រួសារអះអាងថា កន្លងមកជនសង្ស័យរូបនេះ ធ្លាប់បានប្រើអំពើហិង្សា គំរាមសម្លាប់ស្ត្រីរងគ្រោះជាម្តាយ និងគំរាមដុតផ្ទះចោល ពេលទារលុយពីម្តាយមិនបានម្តងៗ។

ជនសង្ស័យ ត្រូវបាមឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES