Saturday, April 20, 2024
Homeព័ត៌មានជាតិខឹងម៉ែជេរ កូនផឹកស្រាស្រវឹង ដួលផ្កាប់មុខស្លាប់ក្នុងទឹក

ខឹងម៉ែជេរ កូនផឹកស្រាស្រវឹង ដួលផ្កាប់មុខស្លាប់ក្នុងទឹក

ខេត្តបាត់ដំបង ៖ បុរសជាសន្តិសុខម្នាក់ ឆ្លៀតពេលទំនេរ ក៏យកមងទៅរាយនៅក្នុងអណ្តូង គ្រាន់បានត្រីធ្វើម្ហូប លុះក្រោយមក ខឹងរឿងម្តាយជេរ ក៏បានទៅផឹកស្រា រហូតដល់ស្រវឹងធ្លាក់ភ្នែក រួចកចុះទៅដោះត្រីក្នុងទឹក ស្រាប់តែអកុសលរអិលជើងដួលផ្កាប់មុខចូលទឹក បណ្តាលឱ្យឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអណ្តូងទឹកវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះព្រឿន សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាសន្តិសុខ មានលំនៅក្នុងក្រុមទី០៨ ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ។

យោងតាមប្រភពដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ឆ្លៀតពេលទំនេរពីការងារសន្តិសុខ តែងចុះទៅរាយមកយកត្រី នៅក្នុងអណ្តូងទឹកខាងលើ គ្រាន់បានត្រីមកធ្វើម្ហូប។ លុះ មកដល់ថ្ងៃកើតហេតុ មិនដឹងថាមានរឿងអ្វី ស្រាប់តែម្តាយរបស់ជនរងគ្រោះ បានជេរស្តីបន្ទោសជនរងគ្រោះ ជាហេតុធ្វើឱ្យជនរងគ្រោះមួម៉ៅក្តៅចិត្ត ក៏បានចេញទៅផឹកស្រា រហូតដល់ស្រវឹងជោក បន្ទាប់មកក៏បានចុះទៅដោះមងនៅក្នុងអណ្តូង ស្រាប់តែរអិលជើងដួលផ្កាប់មុខចូលទឹក ក្រោកមិនរួច ដោយសារស្រវឹងខ្លាំង ក៏បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES