ប្តីប្រពន្ធមេឆ្នោត តុលាការឃុំខ្លួនប្តី ដោះលែងប្រពន្ធ ឱ្យមើលកូន

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ដែលគេស្គាល់ថា ជាមេកន្ទុយលេខ (ឆ្នោតវៀតណាម) បើកកត់ឆ្នោតដុះស្លែនោះ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ លុះចុងក្រោយ តុលាការបានសម្រេចឃុំខ្លួនតែបុរសជាប្តីម្នាក់ប៉ុណ្ណោះ ដោយបានដោះលែងស្ត្រីជាប្រពន្ធ មកវិញ ដើម្បីទុកមើលថែកូន។

លោកកី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនមេកន្ទុយលេខ (ឆ្នោតវៀតណាម) ម្នាក់ (ជាប្តី) ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទបើកល្បែងស៊ីសងដោយខុសច្បាប់ ចំណែកស្ត្រីជាប្រពន្ធ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដើម្បីទុកឱ្យមើលថែកូន។

ជនសង្ស័យជាប្តីដែលត្រូវតុលាការសម្រេចឃុំខ្លួន មានឈ្មោះឡាច វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកត់ឆ្នោត នៅផ្ទះលេខ១ ផ្លូវលេខ៦០៨ ភូមិ ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកស្ត្រីជាប្រពន្ធដែលត្រូវបានដោះលែង មានឈ្មោះស៊ុំ ស្រីរ័ត្ន អាយុ៤៧ឆ្នាំ មុខរបរកត់ឆ្នោតខុសច្បាប់ដូចគ្នា។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១ ផ្លូវលេខ៦០៨ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយបានធ្វើការឃាត់ខ្លួនមេឆ្នោត ២នាក់ប្តីប្រពន្ធ ដូចមានឈ្មោះខាងលើ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាង រួមមាន ៖ ១-ម៉ាស៊ីនព្រីន ចំនួន២គ្រឿង ២-ម៉ាស៊ីនគិតលេខ ១គ្រឿង ៣-ទូរស័ព្ទ ៣គ្រឿង  ៤-ប្រាក់ ចំនួន១៦ម៉ឺនរៀល។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើ បានសារភាពប្រហាក់ប្រហែលគ្នាថា សព្វថ្ងៃពួកគាត់ប្រកបមុខរបររកស៊ីកត់ឆ្នោតខ្មែរ និងឆ្នោតវៀតណាម ឱ្យទៅមេឈ្មោះឧកញ៉ាខ្នា អស់រយៈពេលជាង ៥ឆ្នាំហើយ ដោយស៊ីជាភាគរយ (ស៊ីទឹក)។ ក្នុងមួយថ្ងៃ ពួកគាត់ ទទួលកត់ឆ្នោតខ្មែរ មាន៥វេន ចំណែកឆ្នោតវៀតណាម មាន២វេន ដែលក្នុងមួយថ្ងៃ ពួកគាត់កត់ឆ្នោតបានប្រាក់ប្រហែលជាង ១លានរៀល និងក្រោយពេលកត់បានប្រាក់នោះ ពួកគាត់បានផ្ញើឱ្យទៅមេ (ឧកញ៉ាខ្នា) តាមរយៈប្រព័ន្ធទ្រូម៉ានី មិនដែលខកខានឡើយ ហើយក៏រកស៊ីកាក់កបជាង ៥ឆ្នាំមកដែរ។ ប៉ុន្តែមិនដឹងមូលហេតុយ៉ាងម៉េច បានជានៅរសៀលថ្ងៃទី១៧ ខែមិថុនា ក៏ត្រូវកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ ចុះទៅចាប់ខ្លួនទាំង២នាក់ប្តីប្រពន្ធ ដែលកំពុងនៅអង្គុយកត់ឆ្នោត។

ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ទៅសាលាដំបូងរាជធានី ភ្នំពេញ តាមនីតិវិធី រហូតដល់ដំណាក់កាលចុងក្រោយចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនសង្ស័យជាប្តី និងដោះលែងស្ត្រីប្រពន្ធ ទុកឱ្យមើលកូន៕