Wednesday, November 27, 2024
Homeព័ត៌មានជាតិខឹងប្តីផឹកស៊ីដាច់យប់ ប្រពន្ធចងកស្លាប់

ខឹងប្តីផឹកស៊ីដាច់យប់ ប្រពន្ធចងកស្លាប់

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ភ្ញាក់ពីដេកប្រឹកឡើង កើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច គួបផ្សំនឹង​ស្ត្រីជាប្រពន្ធកំពុងអន់ចិត្តរឿងបុរសជាប្តី ដើរផឹកស៊ីដាច់យប់ ទើបនឹងចូលផ្ទះ ពាក់កណ្តាលអធ្រាត្រផង ក៏ឆេះឆួលអារម្មណ៍ខ្លាំង ទប់មិនជាប់ រត់ឡើងទៅលើបន្ទប់ឡៅតឿ ចាក់សោជាប់ រួចសម្ងំចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ចោលប្តីនិងកូន២នាក់ ឱ្យនៅកំព្រា។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ឡៅតឿ ផ្ទះលេខ៣១៨ ផ្លូវ៤៩០ ក្រុមទី១២ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះហែន សាតសុក្រមុន្នី ភេទស្រី អាយុ៣៩ឆ្នាំ មានប្តីនិងកូន២នាក់ក្នុងបន្ទុក (កូនប្រុសច្បង អាយុ១៤ឆ្នាំ និងកូនស្រីពៅ អាយុ៧ឆ្នាំ) សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប្តីប្រពន្ធជនរងគ្រោះ បានជិះម៉ូតូដឹកគ្នាចេញពីផ្ទះ រួមនិងកូនស្រីអាយុ ៧ឆ្នាំម្នាក់ផង ឆ្ពោះទៅផ្សារទួលទំពូង ទិញម្ហូបនិងទឹកដោះគោ ឱ្យកូន ដោយទុកឱ្យកូនប្រុសរបស់គាត់អាយុ១៤ឆ្នាំម្នាក់ទៀត នៅចាំផ្ទះ។ លុះត្រឡប់មកវិញ ប្រពន្ធនិងកូន បានចូលផ្ទះ តែបុរសជាប្តី មិនបានចូលផ្ទះទេ ដោយបានបង្ហួសម៉ូតូទៅផឹកស៊ីជាមួយមិត្​តនៅហាងមួយកន្លែង ម្តុំផ្សារប៉េសេ រហូតដល់វេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ទើបត្រឡប់មកផ្ទះវិញ ហើយប្រពន្ធក៏បានបើកទ្វាឱ្យចូលផ្ទះដេកធម្មតា និងមិនមានទំនាស់ពាក្យសម្តីអ្វីនឹងគ្នាឡើយ។

ប្រភពដដែល បន្តថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បុរសជាប្តី ភ្ញាក់ពីដេក ក៏បានដាស់ប្រពន្ធឱ្យងូតទឹក​ឱ្យកូន រៀបចំទៅរៀន តែប្រពន្ធបាននិយាយថា “ស្អីអញៗ…” ទើបធ្វើឱ្យកើតមានការទាស់ពាក្យសម្តីគ្នានឹងគ្នា ២-៣ម៉ាត់​ទៅ។ លុះទាស់សម្តីនឹងគ្នាចប់ ស្ត្រីរងគ្រោះជាប្រពន្ធ បានឡើងទៅជាន់ឡៅតឿ សម្ងំបាត់ឈឹង ដោយថែមទាំងបាន​ចាក់សោពីក្នុងជាប់ទៀតផង លុះបុរសជាប្តីឡើងទៅគោះទ្វារហៅ មិនឮសំឡេងប្រពន្ធឆ្លើយ និងឃើញទ្វារជាប់​សោពីក្នុងផង ក៏មានការសង្ស័យ ប្រញាប់យកញញួរមកវាយទ្វារ ចូលទៅមើល ស្រាប់តែ អកុសលចូលទៅដល់ ស្ត្រីរងគ្រោះជាប្រពន្ធ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ជួនសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាត ប្រាកដមែន។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES