Friday, April 26, 2024
Homeព័ត៌មានជាតិបណ្ឌិតសុខ ទូច ទប់អារម្មណ៍ឈឺចាប់ មិនបាន ពេលឃើញអ្នកមានស្រុកខ្មែរ លុបបឹងតាមោក

បណ្ឌិតសុខ ទូច ទប់អារម្មណ៍ឈឺចាប់ មិនបាន ពេលឃើញអ្នកមានស្រុកខ្មែរ លុបបឹងតាមោក

ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោកទប់អារម្មណ៍ឈឺចាប់មិនបាន ពេល ឃើញអ្នកមានស្រុកខ្មែរលុបបឹងតាមោក ព្រោះដូនតាសម័យអង្គរ មានតែជីកស្រះ ជីកបារាយណ៍ ជីកកសិណ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ប៉ុន្តែ ហេតុអ្វីអ្នកមានសម័យថ្មី លុបបឹង ដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក?

លោកបណ្ឌិត សុខ ទូច បានសរសេរនៅ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ លោក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថា “ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍ មិនបាន ប្រើភាសាមិនពីរោះស្តាប់។ តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មាន បានដោយសារលុបបឹង?

ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិណ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វី អ្នកមានសម័យថ្មី លុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នក-និយាយថា ធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។

តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរ ណាដែលមិនមានកសិណ តើទីតាំងដែលខ្មែរ រស់នៅពីដើម កន្លែងណាមួយដែលមិនមាន ប្រព័ន្ធទឹក និងស្រះ ដើម្បីរក្សាទឹក?”។

ជុំវិញការលើកឡើងខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើ សំណេរតាមហ្វេសប៊ុកខាងលើនេះ ពីលោក បណ្ឌិត សុខ ទូច បានទេ កាលពីម្សិល ដោយ លោកមិនលើកទូរស័ព្ទ។

ទោះយ៉ាងណា ជាការកត់សម្គាល់ ការ លើកឡើងរបស់លោកបណ្ឌិត សុខ ទូច ខាង លើនេះ ក៏បានធ្វើឱ្យសង្គមស៊ីវិល មានការចាប់អារម្មណ៍ខ្លាំងដែរ និងគិតថា ជារឿង សមហេតុផលនូវអ្វីដែលលោកបណ្ឌិត សុខ ទូច បានលើកឡើងនេះ ព្រោះកន្លងមក មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទង បរិស្ថាន និងសិទ្ធិមនុស្ស ក៏បានបង្ហាញក្តី បារម្ភពីការលុបបឹងតាមោក ជាបន្តបន្ទាប់ ដោយពួកគេអះអាងថា អាចនឹងបង្កគ្រោះ-ថ្នាក់ដល់បរិស្ថាន ការរស់នៅរបស់ពលរដ្ឋ និង ទឹកជន់លិចរាជធានីភ្នំពេញ ជាដើម។

លោកសឿង សារ៉ន ប្រធានសមាគម ធាងត្នោត បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថា ជាការ ត្រឹមត្រូវហើយ អ្វីដែលលោកបណ្ឌិត សុខ ទូច បានលើកឡើងខាងលើ គឺសមស្របទៅ នឹងអ្វីដែលជាក្តីបារម្ភរបស់សង្គមស៊ីវិល ស្តីពី ការលុបបឹងនេះ។ ដូច្នេះក្នុងនាមសង្គមស៊ីវិល លោកសូមគាំទ្រនូវការលើកឡើងរបស់លោក បណ្ឌិត សុខ ទូច ទាំងស្រុង ជាពិសេសគាំទ្រ ត្រង់ចំណុចដែលថា ដូនតាសម័យយអង្គរ បានជីកស្រះ ជីកបារាយណ៍ ជីកកសិណ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ ទឹកជំនន់ ប៉ុន្តែហេតុអ្វីអ្នកមានសម័យថ្មី លុប បឹង ដើម្បីតែផលប្រយោជន៍ដុល្លារតែមួយ គត់។

លោកសឿង សារ៉ុន បានមានប្រសាសន៍ ថា “ហ្នឹងហើយ! អាហ្នឹងជាការបង្ហាញ អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ ហើយជារួម ដូច ប្រវត្តិសាស្ត្រ យើងគាំទ្រនូវការលើកឡើង របស់លោកបណ្ឌិត សុខ ទូច ដោយសារតែ រាល់ការសាងសង់អីតាំងពីសម័យអង្គរមក គឺគេមានដាក់កសិណ ឬក៏ជីកស្រះនានា ដើម្បី ធានានូវតុល្យភាពទឹកដីភ្លើងខ្យល់អីហ្នឹង ហើយបើយើងក្រឡេកមើលទីក្រុងផ្សេងៗ ដែលគេអភិវឌ្ឍនៅក្បែរខាងយើង ដូច បាងកក ហាណូយ អី គឺគេរក្សានូវអាងស្តុក ទឹក ឬក៏បឹងសំខាន់ៗនៅក្នុងទីក្រុងហ្នឹង ដើម្បី ធានាដើរតួនាទីសំខាន់ក្នុងការរំដោះទឹកចេញ ពីក្រុង កាត់បន្ថយការលិចលង់៘ និង៘ ហ្នឹង។ ដូច្នេះយើងមើលឃើញសកម្មភាព លុបបឹង នៅតែមានជាបន្តបន្ទាប់ បើមាន ពេល យើងអាចជិះទៅមើលទៅ យើងឃើញ សកម្មភាពលុបឥតស្រាកស្រាន្តទេ អាចទៅ បទពិសោធន៍ផ្ទាល់ដូចលោកបណ្ឌិត សុខ ទូច ក៏បានដែរ ដើម្បីមើលឃើញថា សកម្ម-ភាពលុប វាយ៉ាងម៉េច? ដូច្នេះខ្ញុំគិតថាអ៊ីចឹង ដែរ ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច វាជាសារមួយ ពញ្ញាក់អារម្មណ៍ដល់ ប្រជាពលរដ្ឋទូទៅ ដូចជាអ្នកមានសិទ្ធិក្នុង ការអភិវឌ្ឍហ្នឹង គួរតែពិចារណានូវចំណុច ដែលលោកបណ្ឌិតគាត់បានលើកឡើងហ្នឹង”។

លោកសឿង សារ៉ុន បានមានប្រសាសន៍ បន្តថា “ខ្ញុំដូចជាមិនមានអីចង់បញ្ជាក់ច្រើន ជាងហ្នឹងទៀតទេ ដោយសារតែការលើក ឡើងរបស់លោកបណ្ឌិត សុខ ទូច ក៏វាមិន ខុសឆ្ងាយពីការរកឃើញរបស់អង្គការសង្គម ស៊ីវិល ដែលធ្វើការលើវិស័យហ្នឹងដែរ ជាការ បង្ហាញនូវការព្រួយបារម្ភប្រហាក់ប្រហែល គ្នា។ ដូច្នេះជាសរុបទៅ ខ្ញុំគិតថា ប្រសិនបើ អាច អ្នកដែលពាក់ព័ន្ធ គួរតែពិចារណាឡើង វិញក្នុងការអភិវឌ្ឍទីតាំងអភិវឌ្ឍ ព្រោះ បឹង វាមានតួនាទីសំខាន់ ឬក៏អាងស្តុកតទឹក ហ្នឹង វាមានតួនាទីសំខាន់ក្នុងទីក្រុងរបស់ យើង។ អ៊ីចឹងប្រសិនបើអាច អាចពិចារណា ទីតាំងផ្សេងៗ ដើម្បីការអភិវឌ្ឍ ហើយ បញ្ចៀសនូវការអភិវឌ្ឍនៅតំបន់អាងស្តុក ទឹក ឬក៏បឹងហ្នឹង ហើយរកទីតាំងណាដែល វាប្រសើរជាងហ្នឹង”។

គួរបញ្ជាក់ថា នេះមិនមែនទើបតែលើក ទី១ ទេ កន្លងមក លោកបណ្ឌិត សុខ ទូច ក៏ ធ្លាប់លើកឡើងពីរឿងលុបបឹងនេះដែរ ហើយ រាល់ការលើកឡើងរបស់លោកទាំងនោះ គឺលោកតែងបង្ហាញអារម្មណ៍មិនសប្បាយចិត្ត មិនចង់ឱ្យមានការលុបបឹងធម្មជាតិនោះទេ។ បានន័យថា មិនមែនមានតែអង្គការសង្គម ស៊ីវិល និងអ្នកនៅក្រៅរាជរដ្ឋាភិបាលទេ គឺ សម្រាប់លោកបណ្ឌិត សុខ ទូច ប្រធានរាជ- បណ្ឌិត្យសភាកម្ពុជា ដែលជាមន្ត្រីក្នុងជួរ រាជរដ្ឋាភិបាលដែរនោះ ក៏មិនពេញចិត្តចំពោះ ការលុបបឹងដែរ ពិសេសការលុបបឹងក្នុង រាជធានីភ្នំពេញ។

ជាក់ស្តែង ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លង ទៅ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា “ពីមុន បឹងវាច្រើន លុបទៅវាអត់អី តែឥឡូវ បឹង សល់តែ១ បឹងតាមោក ហ្នឹងលុបទៀត ហើយ លុបខ្ទេចលុបខ្ទីហើយ។ អ៊ីចឹងសួរថា មោទនភាព? មោទភាពស្អី!! ពីមុនវាមាន ច្រើន វាមានអូរឫស្សី វាមានបឹងទំពុន បឹងស្នោ បឹងអីច្រើន ឥឡូវយើង លុបសល់តែ១ សល់តែបឹងមួយហ្នឹង ហើយយើងបន្តលុប ទៀត អាហ្នឹវាជារឿងមួយលំបាក”។

ការថ្លែងបែបនេះនៅពេលនោះ លោក បណ្ឌិត ចង់សង្កត់ធ្ងន់ពីបំណងពិតរបស់លោក ថា ថ្វីបើតំបន់ធម្មជាតិខ្លះ ត្រូវបានបំផ្លាញក្តី តែនៅតែមើលឃើញថា កម្ពុជា នៅសល់ តំបន់ធម្មជាតិល្អៗជាច្រើន ដែលអាចធ្វើជា កន្លែងទេសចរណ៍។ បឹង ជារបស់ធម្មជាតិ មួយ ដែលលោកចង់ឱ្យរក្សាទុក ដើម្បីធ្វើជា កន្លែងទេសចរណ៍។ ពោលគឺលោកបានលើក ពីគុណសម្បត្តិមួយចំនួនរបស់បឹង ដែលមិន គួរនឹងលុប ដូចជា អាចធ្វើជាកន្លែងសម្រាប់ ស្ទួចត្រីកម្សាន្ត អាចធ្វើជាកន្លែងដែលបង្ហាញ ពីវប្បធម៌នៃការនេសាទរបស់ប្រជាជន អាច ធ្វើជាកន្លែងទេសចរណ៍សិប្បនិម្មិត អាចធ្វើ ខ្សែរ៉ត ឱ្យភ្ញៀវទេសចរជិះកាត់បឹង អាច រៀបចំទូកឱ្យភ្ញៀវទេសចរជិះកម្សាន្ត និង អាចធ្វើផ្លូវក្រោមបឹង ជាដើម។ ជាពិសេស លោកយល់ថា ការទុកបឹង ក៏អាចឱ្យអ្នកមាន វិបត្តិផ្លូវចិត្ត ឬអ្នកស្មុគស្មាញផ្លូវចិត្ត ទៅលម្ហែ ដើម្បីឱ្យបានរំសាយចិត្តដែរ។

ដោយឡែក បឹងតាមោក ឬបឹងកប់ស្រូវ ដែលលោកបណ្ឌិត សុខ ទូច និងអង្គការ សង្គមស៊ីវិល កំពុងបារម្ភពីការលុបនោះ មាន ផ្ទៃដីសរុប ៣២៣៩ហិកតារ ជាអាងស្តុកទឹក កខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងមួយនេះ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យមួយ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៦ ដោយកំណត់បឹងធម្មជាតិមួយនេះ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចេញជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោក សរុបជាង ២០០០ហិកតារ ហើយ ត្រូវបានរាជរដ្ឋាភិបាលកាត់ ឬដោះដូរទៅ ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯក ជនមួយចំនួន ដែលគេដឹងថាជាអ្នកមានលុយ និងមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យមានប្រតិកម្ម ពីមជ្ឈដ្ឋានជាច្រើន ជាពិសេសពីក្រុមសង្គម ស៊ីវិល រួមទាំងអ្នកនយោបាយ ហើយចុងក្រោយនេះ សូម្បីប្រធានរាជបណ្ឌិត្យសភា កម្ពុជា លោកបណ្ឌិត សុខ ទូច ក៏សម្តែងការ មិនពេញចិត្តយ៉ាងខ្លាំងចំពោះការលុបបឹងតាមោក នេះដែរ ដោយសារតែលោកជា សកម្មជនស្រឡាញ់និងការពារបរិស្ថានមួយរូបដែលមហាជនកម្ពុជា មានការគាំទ្រយ៉ាង ខ្លាំងចំពោះសកម្មភាពរបស់លោកកន្លងទៅ ក្នុងនោះក្រៅពីការពារព្រៃឈើនៅតំបន់ ឧទ្យានជាតិ ឫស្សីត្រឹប លោកក៏បានផ្តួចផ្តើម ឱ្យមានការបង្ក្រាបការបំផ្លាញព្រៃលិចទឹក បឹងទន្លេសាប ការបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រហូតមានបទបញ្ជាពីនាយករដ្ឋមន្ត្រី ឱ្យអាជ្ញាធរការពារព្រៃលិចទឹកបឹង ទន្លេសាប និងរឹបអូសយកមកវិញ នូវដីព្រៃ លិចទឹកតំបន់៣ ដែលជនល្មើសបានទន្ទ្រាន យកកន្លងមក រួមទាំងការបង្ក្រាបបទល្មើស នេសាទជុំវិញបឹងទន្លេសាបនោះផងដែរ៕ កុលបុត្រ

RELATED ARTICLES