Wednesday, November 27, 2024
Homeព័ត៌មានជាតិពន្លិចបំពង់ឧស្ម័នក្នុងទឹក ពុលមនុស្សដេកពេទ្យ៣ ជាប់ខ្នោះ២

ពន្លិចបំពង់ឧស្ម័នក្នុងទឹក ពុលមនុស្សដេកពេទ្យ៣ ជាប់ខ្នោះ២

រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានយកបំពង់ឧស្ម័នពុល ទៅពន្លិចក្នុងទឹក ធ្វើឱ្យសាយភាយក្លិនពុលដល់ប្រជាពលរដ្ឋ ចំនួន ៣នាក់ និងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅ សាកសួរ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង៣នាក់ខាងលើ រួមមាន ៖ ទី១-ឈ្មោះម៉ៅ សុខា ភេទប្រុស អាយុ៤៩ឆ្នាំ។ ទី២-ឈ្មោះម៉ន សាមីត ភេទប្រុស អាយុ២០ឆ្នាំ និងទី៣-ឈ្មោះបូ សុខណាង ភេទស្រី អាយុ៤០ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនទាន់ត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់សំរោងក្រោម បានឱ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសជាអ្នកទិញអេតចាយ ចំនួន២នាក់ បានដឹកយកបំពង់ឧស្ម័នពុលដែលធ្លាយឧស្ម័នចំនួន ២បំពង់ធំ ទៅពន្លិចទឹកស្រះ ក្នុងព្រៃដីឡូត៍ នៅខាងកើតជាប់នឹងសង្កាត់សំរោងក្រោម ព្រោះទុកនៅផ្ទះរបស់គាត់ សាយភាយធុំក្លិនអាក្រក់ខ្លាំងពេក។ ចំណែក ៤បំពង់ទៀត ដាក់នៅលើម៉ូតូសណ្តោងរ៉ឺម៉ក។

ប្រភពដដែល បន្តថា បន្ទាប់ពីបុរស ២នាក់ខាងលើ យកបំពង់ឧស្ម័នទៅពន្លិចក្នុងទឹកហើយ ស្រាប់តែសាយភាយក្លិនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានសុខភាពទន់ខ្សោយនោះ ធ្វើឱ្យមានអាការធេងធោង វិលមុខ និងក្អួតចង្អោរ ចំនួន៣នាក់តែម្តង។

បន្ទាប់ពីប្រជាពលរដ្ឋប្តឹងសមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចបានទាក់ទងទៅរថយន្តសង្គ្រោះអង្គភាព៧១១ មកទីតាំងកន្លែងកើតហេតុភ្លាមៗ ហើយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្នុងនោះផងដែរក្រុមអង្គភាពសង្គ្រោះបន្ទាន់៧១១ មានបំពាក់ឧបករណ៍អុកស៊ីសែន ដើម្បីការពារសុវត្ថិភាពគ្រប់គ្រប់គ្នា។

ក្រៅពីជនរងគ្រោះចំនួន ៣នាក់ នៅជិតស្រះទឹកចំណុចកើតហេតុ ដែលមានអាការក្អួតចង្អោរនោះ ហើយក៏មាន ប្រជាពលរដ្ឋជាច្រើននាក់ទៀត រួមទាំងព្រះសង្ឃជាច្រើនអង្គ ក៏បាននិមន្តទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព សង្កាត់សំរោងក្រោមភ្លាមៗផងដែរ តែមិនបង្កគ្រោះថ្នាក់អីធ្ងន់ធ្ងរនោះទេ ហើយក៏បានត្រឡប់ទៅផ្ទះវិញ។

ចំណែកបុរស ២នាក់ដែលយកបំពង់ឧស្ម័នពុលទៅពន្លិចក្នុងទឹកខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍នាំខ្លួនយកទៅសាកសួរបន្ថែម នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ៕

RELATED ARTICLES