Monday, November 25, 2024
Homeព័ត៌មានជាតិស្រាយគំនុំ បងទាញកាំបិតចាក់ប្អូនស្លាប់

ស្រាយគំនុំ បងទាញកាំបិតចាក់ប្អូនស្លាប់

ខេត្តព្រៃវែង ៖ បុរស២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មិនដឹងជាមានគំនុំគ្រួសាររឿងអ្វី រហូតឈានដល់ការគុំកួន ប៉ងផ្តាច់ជីវិតគ្នាយ៉ាងសាហាវព្រៃផ្សៃ ដោយភាគីបងជីដូនមួយ ឃើញប្អូនប្រុសកំពុងដើរទៅបង់សំណាញ់ ក៏លបរត់តាមពីក្រោយ ទាញកាំបិតចាក់ប្រហារប្អូនជីដូនមួយរបស់ខ្លួន ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ បងប្រុសចាក់សម្លាប់ប្អូនជីដូនមួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្បែរប្រឡាយទឹកមួយកន្លែង ចម្ងាយប្រមាណ ៧០០ម៉ែត្រ ពីភូមិក្រាំងចិន ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកុយ ភាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ។ ចំណែកជនរងគ្រោះ មានឈ្មោះរ៉េត រ៉ាយ ភេទប្រុសអាយុ ៤៤ឆ្នាំ មុខរបរធ្វើស្រែ (រងរបួសជាច្រើនកាំបិត ស្លាប់នៅនឹងកន្លែង)។ រវាងជនសង្ស័យ និងជនរងគ្រោះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងមានលំនៅក្នុងភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ជាមួយគ្នា។

លោកអធិការនគរបាលស្រុកពាមជរ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលឃុំក្រាំងត្រយង ថាមានករណីឃាតកម្ម ចាក់សម្លាប់នៅមូលដ្ឋាន លោកស្នងការនគរបាលខេត្តព្រៃវែង និងលោកពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដាក់បទបញ្ជាឱ្យ កម្លាំងចុះស្រាវជ្រាវបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីធ្វើការសាកសួរជុំវិញរឿងឃាតកម្មនេះ។

លោកអធិការ បានបន្តថា តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានធ្វើដំណើរទៅបង់សំណាញ់នៅចំណុចប្រឡាយទឹក ចម្ងាយពីភូមិ ៧០០ម៉ែត្រ ដូចសព្វមួយដង លុះខណៈដែលកំពុងតែដើរសុខៗ ស្រាប់តែលេចមុខជនសង្ស័យ ឈ្មោះកុយ ភាន ត្រូវជាបងជីដូនមួយ បានរត់មកពីក្រោយ ដោយក្នុងដៃមានកាន់កាំបិតផង រួចក៏បានធ្វើសកម្មភាពចាក់ប្រហារទៅលើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឱ្យជនរងគ្រោះដួលស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានភ្លាមៗ រួចក៏នាំយកមកសាកសួរ។

តាមប្រភពពីសមត្ថកិច្ច យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យជាឃាតករ មូលហេតុដែលនាំឱ្យឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីគំនុំគ្រួសារ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញបន្តសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES