Monday, November 25, 2024
Homeព័ត៌មានជាតិត្រីបបែលទឹកសាបយក្ស អាចមានទម្ងន់៥៩០គីឡូ

ត្រីបបែលទឹកសាបយក្ស អាចមានទម្ងន់៥៩០គីឡូ

ភ្នំពេញ ៖ តាមប្រភពគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ រួមជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងទៀត បានទទួលជោគជ័យក្នុងការបំពាក់ឧបករណ៍ Acoustic និងលែងត្រីទឹកសាបដ៏ធំបំផុតក្នុងកំណត់ត្រា នោះគឺត្រីបបែលយក្សទឹកសាប ទន្លេមេគង្គ។ ត្រីបបែលយក្ស ដ៏ធំអស្ចារ្យនេះ  គឺជាប្រភេទសត្វរស់នៅខាងក្រោមបាតទន្លេ ដោយចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវា រស់នៅបាតនៃជម្រកដែលមានដីខ្សាច់ និងភក់ ហើយវាស៊ីត្រីតូចៗ និងសត្វឆ្អឹងផ្សេងៗទៀត ហើយអ្នកវិទ្យាសាស្ត្រទស្សន៍ទាយថា បបែលយក្សនេះ អាចមានទម្ងន់ដល់ទៅ ៥៩០គីឡូក្រាម។

ត្រីបបែលទឹកសាបដ៏ធំបំផុតដែលចាប់បាននិងកត់ត្រានៅថ្ងៃទី១៤ ខែមិថុនា មានប្រវែងប្រហែល ១៣ហ្វីត (ជិត៤ម៉ែត្រ) និងមានទម្ងន់ ៦៦១ផោន (២៩៩ គីឡូក្រាម)។ បើប្រៀបធៀបទៅ គឺវាមានទម្ងន់ ២ដង ធ្ងន់ជាងទម្ងន់ជាមធ្យមនៃសត្វខ្លាឃ្មុំឈ្មោលពេញវ័យដែលរស់នៅតំបន់ទំនាប។ តើលោកអ្នកជឿឬមិនជឿ អ្នកវិទ្យាសាស្ត្រទស្សន៍ទាយថា បបែលទាំងនេះ អាចមានទម្ងន់ដល់ទៅ ១៣០០ផោន (៥៩០ គីឡូក្រាម)! ថ្វីត្បិតតែពួកវាអាចត្រូវបានរកឃើញនៅតាមដងទន្លេធំៗ និងចំណុចប្រសព្វទន្លេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដោយ ក៏ត្រីបបែលទឹកសាបយក្សនេះ ជាសត្វកម្រណាស់ ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វជិតផុតពូជ។ ចំនួនត្រីបបែលទឹកសាប និងចំនួនត្រីធំៗផ្សេងទៀត កំពុងធ្លាក់ចុះ ដោយសាររងសម្ពាធនៃការនេសាទ ការបំពុល និងកំណើនហេដ្ឋារចនាសម្ព័ន្ធនៃទំនប់។

ការរកឃើញប្រភេទសត្វដ៏ធំ និងកម្របែបនេះ គឺជាការរំលឹកថា ត្រីដ៏ស្រស់ស្អាតទាំងនេះ នៅតែមាន និងស័ក្តិសមនឹងទទួលបាននូវការការពារ។ យើងសង្ឃឹមថា ទិន្នន័យដែលប្រមូលបានពីស្លាកសញ្ញា acoustic ដែលបានដាក់ភ្ជាប់ទៅក្នុងត្រីបបែលទឹកសាប ដ៏ធំនេះ នឹងបង្ហាញពន្លឺអំពីវិធីសាស្ត្រដែលយើងអាចការពារសត្វប្រភេទនេះឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

ប្រភពដដែល បន្តថា កាលពីថ្ងៃទី១៤ ខែមិថុនា ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ បានជួយដាក់ស្លាកត្រីទឹកសាបដែលធំជាងគេបំផុតក្នុងកំណត់ត្រា ដែលនោះគឺជាត្រីបបែលទឹកសាបយក្សមេគង្គ។ បន្ទាប់ពីធ្វើការវាស់វែង និងចងក្រងជាឯកសារ ទម្ងន់ និងទំហំរបស់វា ក្រុមការងារ បានវះកាត់ដាក់ស្លាក acoustic ដែលជាស្លាកមួយបញ្ចេញសំឡេងស្រាលៗ ដែលអាចចាប់បានដោយឧបករណ៏ចាប់សញ្ញា។ វាជារឿងចៃដន្យមួយ កាលពីខែមុន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្រុមហ៊ុនហ្វីសបាយអូ (FISHBIO) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) នៃរដ្ឋបាលជលផលកម្ពុជា និងក្រុមអេកូយុវទូត (YEA) បានដាក់ពង្រាយបណ្តាញចំនួន ឧបករណ៍ចាប់សញ្ញា acoustic  ដែលមានឧបករណ៍ ៣៦គ្រឿង នៅទូទាំងអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ។ ឧបករណ៍ចាប់សញ្ញាទាំងនេះ គួរតែចាប់បានសំឡេង ពីងៗ នៅពេលត្រីដែលមានដាក់ស្លាក acoustic ហែលកាត់ ដោយវាផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវព័ត៌មានអំពីដំណើរ និងឥរិយាបថនៃការផ្លាស់ទីរបស់ត្រីនោះ។ ព័ត៌មានលម្អិតនេះ នឹងជួយតម្រង់យុទ្ធសាស្ត្រគ្រប់គ្រង និងអភិរក្សនៅក្នុងទន្លេមេគង្គ ដែលចុងក្រោយនោះគឺការ ការពារត្រីយក្សដែលជិតផុតពូជ និងប្រភេទត្រីសំខាន់ៗដទៃទៀត។

ប្រភពដដែល បន្តទៀតថា ទន្លេមេគង្គ មានទីតាំងស្ថិតនៅអាស៊ីអាគ្នេយ៍ ហើយវាជាប្រព័ន្ធជីវចម្រុះដ៏សម្បូរបែប ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងប្រទេសកម្ពុជា មុនពេលវាហូរតភ្ជាប់ទៅសមុទ្រចិនខាងត្បូង។ ទន្លេនេះគឺជាទន្លេដែលវែងជាងគេ ទី១២ នៅលើពិភពលោក ហើយជាចំណុចប្រជុំទៅដោយត្រីយក្សធំៗ ដ៏កម្រ ដែលរួមមាន ត្រីគល់រាំង ត្រីរាជ ត្រីមឹក និងត្រីបបែលទឹកសាបយក្ស។ ជាក់ស្តែង ត្រីទឹកសាបដ៏ធំបំផុតក្នុងកំណត់ត្រា ត្រូវបានគេរកឃើញ ដាក់ភ្ជាប់ស្លាក Acoustic និងដោះលែងទៅវិញនៅភាគខាងជើងទន្លេមេគង្គកម្ពុជា កាលពីជាងមួយសប្តាហ៍មុន។

ដោយសារទំហំដ៏ធំរបស់វា ទន្លេមេគង្គ ត្រូវបានគេកំណត់ជាពីរផ្នែក គឺអាងទន្លេមេគង្គលើ និងអាងទន្លេមេគង្គក្រោម។ អាងទន្លេមេគង្គក្រោម គឺជាកន្លែងដែលទន្លេមេគង្គ តភ្ជាប់ជាមួយទន្លេសាប និងអាងទន្លេ សបី (ទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង)។ នៅទន្លេមេគង្គ ជាពិសេសនោះគឺនៅអាងទន្លេខាងក្រោម បានគាំទ្រដល់ជីវៈចម្រុះដ៏លើសលប់ ទាំងក្រោមផ្ទៃទឹក និងលើច្រាំងទន្លេ ។

ត្រីដែលធ្វើការផ្លាស់ទី និងរស់នៅជាប្រចាំក្នុងតំបន់ ជាច្រើនប្រភេទ សត្វស្លាប ផ្សោត ក្រពើ អណ្តើក កន្ធាយ និងសត្វប្លែកៗជាច្រើនទៀត បានចាត់ទុកថា ទន្លេមេគង្គ ជាផ្ទះរបស់ពួកវា។ ប្រជាជនក៏ពឹងផ្អែកលើទន្លេមេគង្គ សម្រាប់ចិញ្ចឹមជីវិត ដោយចាប់ត្រីចិញ្ចឹមគ្រួសារ និងលក់នៅផ្សារក្នុងភូមិស្រុក៕

RELATED ARTICLES