Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធជំពាក់បំណុលគេ ប្តីដឹងទះ១ដៃ

ប្រពន្ធជំពាក់បំណុលគេ ប្តីដឹងទះ១ដៃ

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីបានដឹងថាប្រពន្ធរបស់ខ្លួន បានជំពាក់បំណុលគេច្រើន ប៉ុន្តែព្យាយាមលាក់បាំង​មិនឱ្យខ្លួនជាប្តីបានដឹង ក៏ទៅផឹកស្រារហូតដល់ស្រវឹង ត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានជម្លោះ សួរនាំជីកឫសគល់ប្រពន្ធ រឿងជំពាក់បំណុលគេ រហូតដល់ផ្ទុះកំហឹងទប់មិនជាប់ ក៏ស្ទុះទៅទះកំផ្លៀងប្រពន្ធ១ដៃ ទុកជាការព្រមាន ចំណែកប្រពន្ធ ក៏មិនបានប្តឹងផ្តល់អ្វីដែរ ប៉ុន្តែត្រូវអ្នកជិតខាងជួយឈឺឆ្អាលរាយការណ៍ប្រាប់សមត្ថកិច្ច កោះហៅមកសាកសួរ អប់រំឱ្យបុរសជាប្តី ធ្វើកិច្ចសន្យាបញ្ឈប់ហិង្សា ដោះស្រាយគ្នាដោយសន្តិវិធី។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវសមត្ថកិច្ចកោះហៅទៅដោះស្រាយ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

បុរសជាប្តីដែលបង្កហិង្សាលើប្រពន្ធរបស់ខ្លួននោះ មានឈ្មោះសុំ ហ៊ុន។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអុក សុខពុំ។ ប្តីប្រពន្ធនេះ មានលំនៅក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា  ដំបូងឡើយ មានគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិ (Comment) ក្នុងផេកហ្វេសបុក​ស្នងការ​ដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា “សូមស្នងការ ជួយរកយុត្តិធម៌ឱ្យគាត់ផង ប្តីគាត់ប្រើអំពើ​ហិង្សាដាក់គាត់ជាច្រើនដង វ៉ៃទាំងកូននិងម្តាយទៀតផង ឱ្យតែគាត់ស្រវឹង គាត់រស់នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពេលវេលាយប់មិញ ប្រហែលជាម៉ោង ៧ជាង គាត់បានវ៉ៃប្រពន្ធគាត់ បែកច្រមុះនិងមាត់ ឈាមពេញខ្លួន ជនរងគ្រោះឈ្មោះ អុក សុខពុំ ជនបង្កហេតុឈ្មោះ សុំ ហ៊ុន ជាប្តី សូមជួយរកយុត្តិធម៌ឱ្យគាត់ផង”។

ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យ​លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ពុកឫស្សី សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះស្រាវជ្រាវករណីខាងលើនេះ និងបានកោះហៅជនសង្ស័យឈ្មោះសុំ ហ៊ុន មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសុំ ហ៊ុន បានឆ្លើយសារភាពថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានផឹកស្រាស្រវឹង ចូលមកផ្ទះ សួរនាំប្រពន្ធខ្លួនឈ្មោះអ៊ុក សុខពុំ ពីរឿងជំពាក់លុយគេច្រើន ហើយក៏បានឈ្លោះប្រកែកពាក្យសម្តីជាមួយប្រពន្ធ ពេលនោះខ្លួនខឹងពេក ទ្រាំមិនបាន ក៏បានទះប្រពន្ធ ១ដៃត្រូ វមុខបន្តិច តែមិនមានរបួសទេ ប៉ុន្តែដោយមានមនោសញ្ចេតនាប្តីប្រពន្ធ ទើបប្រពន្ធរបស់គាត់មិនបានដាក់ពាក្យប្តឹងផ្តល់ ឬទាមទារអ្វីពីរូបគាត់ជាប្តីឡើយ។

ចំពោះករណីនេះ ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះអ៊ុក សុខពុំ បានសំណូមពរមកសមត្ថកិច្ច ជួយអប់រំណែនាំប្តីខ្លួន ឈ្មោះសុំ ហ៊ុន កុំឱ្យប្រើអំពើហិង្សាមកលើខ្លួនទៀតតែប៉ុណ្ណោះ។

ជាចំណាត់ការ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សី និងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឈ្មោះ សុំ ហ៊ុន ឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាបន្តទៀត រួចឱ្យត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES