Wednesday, November 27, 2024
Homeព័ត៌មានជាតិក្មេងស្រីបម្រើតាមផ្ទះ ចោទម្ចាស់ផ្ទះបោកប្រើ មិនឱ្យប្រាក់ខែ

ក្មេងស្រីបម្រើតាមផ្ទះ ចោទម្ចាស់ផ្ទះបោកប្រើ មិនឱ្យប្រាក់ខែ

ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីក្រីក្រម្នាក់ បានអះអាងថា ត្រូវស្ត្រីម្នាក់ ឈ្មោះឯម សុផន យកមកធ្វើការឱ្យចាំផ្ទះចម្ការ ដោយសន្យាថាផ្តល់ប្រាក់ខែសមរម្យ អស់រយៈពេល ២ឆ្នាំមកហើយ លទ្ធផល ប្រាក់ក៏បង់ថង់ក៏ដាច ពោលគឺមិនទទួលបានប្រាក់ខែហើយ ទទួលរងនូវការជេរស្តី ប្រមាថសព្វគ្រប់ និងចោទថានាងមានដៃមានជើង ព្រមទាំងចោទប្រកាន់ថា នាងនិយាយទូរស័ព្ទជាមួយប្រុស រួចក៏កញ្ឆក់ទូរស័ព្ទពីដៃនាង ធ្វើឱ្យនាងធ្លាក់ពីលើម៉ូតូ រងរបួសរលាត់ឈឺទ្រមពេញខ្លួន ហើយមិនទទួលខុសត្រូវចេញថ្លៃថ្នាំព្យាបាលឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៧ ចេញពីចំណុចជិតផ្លូវចូលភូមិញើញ ស្ថិតក្នុងភូមិគឺឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

តាមសម្តីក្មេងស្រីឈ្មោះសុ គា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ ស្ត្រីឈ្មោះឯម សុផន បាននាំត្រាក់ទ័រទៅភ្ជួរដីចម្ការនៅម្តុំផ្ទះរបស់នាង នៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ដោយឃើញជីវភាពគ្រួសារឪពុកម្តាយក្មេងស្រីក្រីក្រ គ្មានផ្ទះមានខ្ទមតូចមួយ មានជីវភាពខ្វះមុខខ្វះក្រោយ ទើបស្ត្រីឈ្មោះឯម សុផន ក៏បាននិយាយនិងសុំឪពុកម្តាយនាង ដើម្បីយកនាងទៅនៅជាមួយគាត់ ដោយសន្យាថា នឹងផ្តល់ប្រាក់ខែឱ្យនាងពី២០ ទៅ៣០ម៉ឺនរៀល ក្នុងមួយខែ និងហូបចុកស្លៀកពាក់លើគាត់ទាំងអស់។

ក្មេងស្រីខាងលើ បានបន្តថា ផ្ទុយទៅវិញ អ៊ំស្រីឯម សុផន គាត់មិនបានធ្វើដូចការសន្យាកាលពីមុននោះឡើយ ដោយនាងបានទៅបម្រើផ្ទះរបស់គាត់ រយៈពេល២ឆ្នាំ តាំងពីនាងទើបនឹងអាយុ១៤ឆ្នាំ រហូតមកដល់សព្វថ្ងៃនាង​អាយុ១៦ឆ្នាំទៅហើយ មិនដែលទទួលបានប្រាក់ខែ ដូចដែលគាត់បានសន្យាឡើយ ហើយថែមទាំងទទួលរងនូវ​ការជេរប្រមាថសព្វគ្រប់បែបយ៉ោងទៀតផង ហើយទោះបីឪពុករបស់នាង មកសុំយកនាងទៅវិញ ក៏គាត់មិនព្រម ទុកឱ្យនាងរស់នៅលំបាក ទ្រាំនូវការជេរដៀលប្រមាថ ព្រមទាំងធ្វើការលើសកម្លាំង។

រហូតមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាងបានទូរស័ព្ទឱ្យឪពុកមកទទួលយកទៅផ្ទះវិញ តាំងពីថ្ងៃ រហូតដល់យប់ តែស្ត្រីជាម្ចាស់ផ្ទះ បានប្រាប់ឱ្យឪពុកចាំនៅខេត្ត ចាំគាត់ដឹកយកទៅឱ្យ មិនបាច់មកទេ ដែលគាត់ធ្វើនេះ ហាក់ដូចជាមានអាថ៌កំបាំង អូសបន្លាយពេលវេលា ហើយពេលជិះម៉ូតូតាមផ្លូវ នាងបានទូរស័ព្ទនិយាយជាមួយឪពុកសុខៗ ស្រាប់តែស្ត្រីជាម្ចាស់ផ្ទះ កញ្ឆក់ទូរស័ព្ទពីដៃនាង ធ្វើឱ្យនាងធ្លាក់ពីលើម៉ូតូ រងរបួសដាច់រលាត់ ឈឺពេញខ្លួន ហើយគាត់មិនបានទទួលខុសត្រូវឡើយ រួចក៏បើកម៉ូតូទៅមុខធ្វើមិនដឹង ទៅឆ្ងាយបាត់ ក្រោយមក ទើបត្រឡប់មកយកវិញ តែនាងមិនព្រមជិះជាមួយគាត់ទេ ក៏ដើរមករហូត និងព្យាយាមទាក់ទងទៅឪពុក ឱ្យមកយកនាង។

ជុំវិញករណីនេះ ឪពុករបស់ក្មេងស្រីខាងលើ ក៏ដូចជាសាមីខ្លួនក្មេងស្រី បានសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសប្រព័ន្ធច្បាប់ និងអង្គការគាំពារកុមារ ជួយរកយុត្តិធម៌ផង ជាពិសេសសូមសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី  មេត្តាជួយរកយុត្តិធម៌ដល់កូនស្រីគាត់ផង ដែលមិនទាន់គ្រប់អាយុ ត្រូវគេបោកប្រើ កេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ មិនផ្តល់ប្រាក់កម្រៃតាមសន្យា រយៈពេល២ឆ្នាំមកហើយ ហើយថែមទាំងជេរប្រមាថ ចោទប្រកាន់ផ្តេសផ្តាសមកលើកូនស្រីគាត់ទៀត។

ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ អ្នកស្រីឯម សុផន ជាម្ចាស់ផ្ទះ បានបញ្ជាក់ឱ្យដឹងយ៉ាងខ្លីថា ក្មេងស្រីខាងលើ គាត់បានជួលមកធ្វើការមែន តែនាងមានដៃមានជើង ធ្វើឱ្យគាត់មិនពេញចិត្ត ទើបហៅឱ្យឪពុកនាងមកយកទៅវិញ តែរឿងធ្លាក់របួសនោះ គឺនាងធ្លាក់ខ្លួនឯង ព្រោះរវល់និយាយទូរស័ព្ទជាមួយប្រុសនាង ទើបធ្លាក់។ ចំណែករឿងអ្វីច្រើនទៀត អ្នកស្រីមិនបានបកស្រាយឡើយ គ្រាន់តែប្រាប់ថា អ្នកស្រីជាប់ទៅសិក្ខាសាលានៅភ្នំពេញ៕

RELATED ARTICLES