Wednesday, November 27, 2024
Homeព័ត៌មានជាតិឡានដឹកកម្មករក្រឡាប់ របួស២៧នាក់

ឡានដឹកកម្មករក្រឡាប់ របួស២៧នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េ ដឹកកម្មករ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ដល់ចំណុចផ្លូវកោង មិនបង្អង់ល្បឿន ធ្វើឱ្យរេចង្កូតក្រឡាប់ ចាក់កម្មករចោលពេញផ្លូវ បណ្តាលឱ្យកម្មករ-កម្មការិនីដែលជិះលើរថយន្ត ទទួលរងរបួស​ធ្ងន់-ស្រាល សរុប២៧នាក់ និងត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានចុះអន្តរាគន៍ ចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិច្រកពូល ឃុំជម្ពូព្រឹក ស្រុកឧដុង្គ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2816 មានដឹកកម្មករ-កម្មការិនីពេញរថយន្ត (សរុបចំនួន២៧នាក់) បើកបរក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជាផ្លូវកោង អ្នកបើកបរមិនបានបង្អង់ល្បឿន ជាហេតុធ្វើឱ្យរថយន្តបានរេចង្កូតក្រឡាប់ ទាំងកំរោល ចាក់កម្មករ-កម្មការិនីចោលពេញផ្លូវ បណ្តាលឱ្យរងបួសធ្ងន់-ស្រាល សរុបចំនួន២៧នាក់។ ចំណែកអ្នកបើករថយន្តដឹកកម្មករ មិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ ក្រុមកម្មករ-កម្មការិនី ដែលរងរបួសធ្ងន់ ចំនួន១១នាក់ ស្រាលចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចនិង​អាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។ ចំណែកវត្ថុតាង រថយន្ត បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES