Monday, November 25, 2024
Homeព័ត៌មានជាតិស្រីស្អាតលក់បារីអេឡិចត្រូនិក ប៉ូលិសហៅចូលប៉ុស្តិ៍

ស្រីស្អាតលក់បារីអេឡិចត្រូនិក ប៉ូលិសហៅចូលប៉ុស្តិ៍

ខេត្តបាត់ដំបង ៖ នារីរូបស្រស់ម្នាក់ បានធ្វើសកម្មភាពបង្ហោះផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក អេចឈ៍ ធី ភី (HTPs) តាមបណ្តាញសង្គម និងត្រូវបានសមត្ថកិច្ចធ្វើការកោះហៅចូលប៉ុស្តិ៍ សាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ ផលិតផលខុសច្បាប់មួយនេះ ព្រមទាំង ធ្វើការដកហូតបារីអេឡិចត្រូនិក និងទឹកថ្នាំ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅ ផ្ទះវិញ។

នារីរូបស្រស់ដែលបង្ហោះលក់បារីអេឡិចត្រូនិក តាមហ្វេសប៊ុក និងត្រូវសមត្ថកិច្ចហៅមកអប់នោះ មិនត្រូវបាន បង្ហាញអត្តសញ្ញាណទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ An Nich។

តាមប្រភពពីសមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ថា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ An Nich ដែលបានផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក អេចឈ៍ ធី ភី (HTPs) ត្រូវបានប៉ូលិសហៅមក សាកសួរ និងធ្វើកិច្ចសន្យា ព្រមទាំងដកហូតបារីអេឡិចត្រូនិក និងទឹកថ្នាំ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។

ប្រភពដដែល បន្តថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានកត់សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ An Nich បានបង្ហោះខ្លឹមសារនិងរូបភាពពីការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក អេចឈ៍ ធី ភី (HTPs) ដែលបញ្ហានេះ បានធ្វើឱ្យមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម លើកឡើងនូវមតិយោបល់ រិះគន់ចំពោះសកម្មភាពខាងលើថា បាននាំពង្វក់ដល់ស្មារតីរបស់យុវជន។

ប្រភពខាងលើ បានលើកឡើងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀន បានស្វែងរកឃើញម្ចាស់គណនីខាងលើ ហើយបាននាំមកធ្វើការសាកសួរបំភ្លឺ ចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក នៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួន កន្លងមក។  ក្នុងនោះ សមត្ថកិច្ចបានរកឃើញក្បាលបឺតបារីអេឡិចត្រូនិក (Vab) ចំនួន៤ដើម (២ប្រអប់) និងទឹកសម្រាប់បញ្ចូលទៅក្នុងបារីអេឡិចត្រូនិក (ទឹកVab) ចំនួន៤ដប។

ក្រោយបញ្ចប់ការសាកសួរ និងស្របតាមអនុសាសន៍របស់លោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល បានធ្វើកិច្ចសន្យា ជាមួយម្ចាស់គណនីខាងលើ ដោយឱ្យបញ្ឈប់នូវសកម្មភាពដូច ពេល កន្លងមក (ដោយដករក្សាទុកសម្ភារៈខាងលើ) រួចអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ ត្បិតករណីនេះ មិនទាន់មានអំពើ ល្មើសច្បាប់ព្រហ្មទណ្ឌ ដែលនាំទៅដល់ការអនុវត្តទោសបាននៅឡើយទេ។

ទោះបីជាបែបនេះក្តី ក្នុងនាមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តនិងការចូលរួមសហការផ្តល់ព័ត៌មាន មកសមត្ថកិច្ចនគរបាល ដែលមតិយោបល់ ឬព័ត៌មាន ដែលមហាជនបានផ្តល់ជូនមកនោះ សមត្ថកិច្ចនគរបាល ពុំបានព្រងើយកន្តើយ ឬមិនយកចិត្តទុកដាក់អនុវត្តនោះទេ។

ជាមួយនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្អូនៗ ជាយុវវ័យ សូមកុំប្រើប្រាស់នូវប្រភេទបារីអេឡិចត្រូនិកទាំងនេះ ព្រោះវាបានបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬរហូតបាត់បង់ជីវិតទៀតផង៕

RELATED ARTICLES