ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ បានជិះម៉ូតូដឹកគ្នាសំដៅទៅផ្សារ ស្រាប់តែពេលកំពុងធ្វើដំណើរតាមផ្លូវដល់កន្លែងស្ងាត់ លេចមុខក្រុមជនសង្ស័យ ១ក្រុម មានគ្នា ៦នាក់ បានធ្វើសកម្មភាពប្រើដាវសាមូរ៉ៃ កាប់ប្រហារទាំងកំរោល រួចក៏ប្លន់យកម៉ូតូជនរងគ្រោះ ជិះគេច ខ្លួនបាត់អស់ដោយសុវត្ថិភាព។
ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវក្រាលក្រួសក្រហម ១ខ្សែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះជូន វុធ ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-5498។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានជិះម៉ូតូដឹកប្រពន្ធរបស់ខ្លួនសំដៅទៅផ្សារ ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានក្រុមជនសង្ស័យមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ស្ទាក់ផ្លូវដេញកាប់នឹងដាវ ទៅលើជនរងគ្រោះ បណ្តាលឱ្យត្រូវចំកែងដៃខាងស្តាំ និងចំមួកការពារសុវត្ថិភាពផ្នែកខាងក្រោយ បណ្តាលឱ្យរងរបួស រួចក៏ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ កំពុងសហការជាមួយកម្លាំងអធិការនគរបាលស្រុកសាមគ្គីមានជ័យ បើកការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកជនសង្ស័យ យកមកផ្តន្ទាទោទៅតាមផ្លូវច្បាប់៕