Monday, November 25, 2024
Homeព័ត៌មានជាតិប្រពន្ធពោះធំ៨ខែ រន្ទះបាញ់ស្លាប់ចោលប្តី

ប្រពន្ធពោះធំ៨ខែ រន្ទះបាញ់ស្លាប់ចោលប្តី

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់កំពុងមានផ្ទៃពោះ ៨ខែ ជិតដល់ថ្ងៃសម្រាលទៅហើយ ប៉ុន្តែសារមាន ជីវភាពទីទ័លក្រខ្លាំងពេក គឺចេះតែដើររាវខ្ចៅខ្យងយកទៅលក់ លុះរាវខ្យងបានហើយ យកមកអង្គុយលាងនៅក្បែរផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់ទាំងកូនក្នុងផ្ទៃ ចោលប្តីនិងកូនប្រុសស្រីដល់ទៅ ៨នាក់។

 ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះបាន លី ភេទស្រី អាយុ៤៤ឆ្នាំ កំពុងមានផ្ទៃពោះ៨ខែ មានប្តី និងកូនក្នុងបន្ទុកចំនួន ៨នាក់ (ស្រី៤) បច្ចុប្បន្នមានលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនកើតហេតុ មានធ្លាក់ភ្លៀងមួយមេធំ និងមានផ្គររន្ទះ ខ្យល់កន្ត្រាក់បក់បោកផងដែរ។ គ្រានោះស្ត្រីរងគ្រោះ ទើបនឹងត្រឡប់មកពីរាវខ្យងវិញ ក៏យកខ្យងមកចាក់គរនៅកៀនផ្ទះ ដើម្បីលាងសម្អាត មុននឹងយកទៅលក់។ ស្រាប់តែអកុសល រំពេចនោះក៏មាន រន្ទះបានបាញ់ចំស្ត្រីរងគ្រោះ បណ្តាលឱ្យដេកដួលនៅនឹងកន្លែងបាត់មាត់ឈឹង។

បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យដែរ តែអកុសល ស្ត្រីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព។

តាមប្រភពពីអ្នករស់នៅក្បែរខាង បានឱ្យដឹងថា គ្រួសារខាងលើមានជីវភាពទីទ័លក្រ ខ្វះខាតខ្លាំងណាស់ រកព្រឹកខ្វះល្ងាច មុខរបរមិនពិតប្រាកដ ដើរបេះបន្លែតាមរបងផ្ទះអ្នកស្រុក តាមដុបព្រៃ រើសខ្យងលក់ ដើម្បីជីវភាពគ្រួសារ តែអនិច្ចាត្រូវរន្ទះប្រល័យទាំងខ្លួនមានផ្ទៃពោះ។

សពស្ត្រីរងគ្រាះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES