Friday, April 26, 2024
Homeព័ត៌មានជាតិសិស្ស៧នាក់ ជិះទូកលេង លិចស្លាប់៤

សិស្ស៧នាក់ ជិះទូកលេង លិចស្លាប់៤

ខេត្តកំពង់ធំ ៖ ក្មេងប្រុសស្រីវ័យជំទង់ជាសិស្សសាលាមួយក្រុម មានគ្នាសរុបចំនួន ៧នាក់ បានណាត់គ្នាជិះទូកទៅបេះឈូកនៅក្នុងបឹង ស្រាប់តែអកុសល លិចទូកកណ្តាលបឹង បណ្តាលឱ្យលង់ស្លាប់ចំនួន ៤នាក់ (មិនចេះហែលទឹក) ខណៈដែល ៣នាក់ទៀត (ចេះហែលទឹក) ប្រឹងប្រវែប្រវាហែលឡើងគោក បានរួចរស់ជីវិត និងបានស្រែកហៅចាស់ៗឱ្យជួយចុះស្រង់មិត្តភក្តិដែរ តែអកុសល ក្មេងប្រុសស្រីទាំង៤នាក់ បានឈ្លក់ទឹកស្លាប់បាត់អស់ទៅហើយ។

ហេតុការណ៍គ្រោះថ្នាក់លិចទូកកណ្តាលបឹងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចបឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។

ក្មេងប្រុសស្រីរងគ្រោះទាំង៤នាក់ ដែលលង់ទឹកស្លាប់ រួមមាន ៖ ទី១-ឈ្មោះគាន់ សុខជឿន ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅ ភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ ទី២-ឈ្មោះចិត្រ រស្មី ភេទស្រី អាយុ១២ឆ្នាំ មានលំនៅ ភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ ទី៣-ឈ្មោះរុន រដ្ឋា ភេទប្រុស អាយុ១២ឆ្នាំ មានលំនៅ ភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ និងទី៤-ឈ្មោះភឿន ចាន់ណា ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅ ភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។

តាមការបំភ្លឺរបស់ឈ្មោះគាន់ ស្រីខួច ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅ ភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ និងឈ្មោះគេន ស្រីល័ក្ខណ៍ ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា មុនពេល កើតហេតុ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ពួកនាងទាំង២នាក់ រួមនិងមិត្តភក្តិ ៥នាក់ទៀត រួមមាន ១-ឈ្មោះរា ឌីខេត ភេទប្រុស អាយុ១៣ឆ្នាំ មានលំនៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ ២-ឈ្មោះភាន់ សុខជឿន ៣-ឈ្មោះចិត រស្មី  ៤-ឈ្មោះរុន រដ្ឋា និង៥-ឈ្មោះភឿន ចាន់ណា បានបបួលគ្នាទៅបេះផ្លែឈូក នៅតំបន់ទឹកល្អក់ខាងត្បូងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយប្រហែល ៥០០ម៉ែត្រ ពេលទៅដល់ ពួកខ្លួនទាំងអស់គ្នាបានជិះទូក ១គ្រឿង រួចក៏អុំចេញទៅបេះផ្លែឈូក លុះដល់កណ្តាលបឹងដែលមានជម្រៅទឹកជាង ២ម៉ែត្រ  ហើយពួកខ្លួនបានចុះងូតទឹក  បន្ទាប់មកក៏បានឡើងមកលើទូកវិញ  ពេលនោះទូកបានផ្អៀងចូលទឹក ទើបពួកខ្លួននាំគ្នាបាចទឹកតែបាចមិនឈ្នះ បណ្តាលឱ្យទូកលិច ហើយក៏បានប្រឹងហែលរៀងៗខ្លួន ក្នុងពេលនោះខ្លួន ៣នាក់ បានហែលទៅដល់ ទឹករាក់ នឹងបានដើរទៅស្រែកហៅអ្នកបើករថយន្តតាមផ្លូវចម្ងាយប្រហែលជាង ១០០ម៉ែត្រ ឱ្យគាត់មកជួយ ភ្លាមនោះម្ចាស់រថយន្តបានមកចុះជួយស្រង់រកមិត្តភក្តិរបស់ខ្លួនចំនួន ៤នាក់ ដែលបានលិចបាត់ក្នុងទឹក ចំណែកខ្លួនរត់ទៅហៅអ្នកភូមិ និងឪពុកម្តាយ ឱ្យមកជួយបន្ថែមទៀត។ លុះក្រោយពេលស្រង់ជនរងគ្រោះទាំង ៤នាក់បានហើយ ក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ តែអកុសល ជនរងគ្រោះបានស្លាប់បាត់អស់ទៅហើយ។

ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូពេទ្យមណ្ឌលសុខភាព បានចុះពិនិត្យដល់កន្លែងកើតហេតុ។

ការពិនិត្យសពទាំង៤នាក់ខាងលើ មានហូរពពុះទឹកលាយឈាមពណ៌ក្រហមព្រឿងៗ និងមានលាយលម្អងភក់ចេញតាមច្រមុះ ចំណែកពោះ មានសភាពប៉ោង  ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ក្មេងប្រុសស្រីទាំង៤នាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសស្រីទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

អ៊ុង សំអាត

RELATED ARTICLES