Monday, November 25, 2024
Homeព័ត៌មានជាតិវិស្វករអគ្គិសនី រៀបការបានជាង១ឆ្នាំ មេប្តូរកន្លែងធ្វើការបែកប្រពន្ធ ឆក់ខ្សែភ្លើងសម្លាប់ខ្លួន

វិស្វករអគ្គិសនី រៀបការបានជាង១ឆ្នាំ មេប្តូរកន្លែងធ្វើការបែកប្រពន្ធ ឆក់ខ្សែភ្លើងសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសជាវិស្វករអគ្គិសនីម្នាក់ ជាបុគ្គលិកអគ្គិសនីកម្ពុជា ត្រូវបានមេកោយ ផ្ទេរការងារចេញពីខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពិសេសឃ្លាតឆ្ងាយពីប្រពន្ធជាទីស្រឡាញ់ ដែលទើបតែរៀបការបានជាង១ឆ្នាំ ទើបធ្វើឱ្យតូចចិត្តតូចថ្លើម រហូតដល់បែកគំនិតគិតខ្លី បញ្ចប់ជីវិតខ្លួនឯង ដោយឆក់នឹងខ្សែភ្លើង បណ្តាលឱ្យឆក់ឆេះខ្លោច ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីបុគ្គលិកអគ្គិសនីកម្ពុជា ធ្វើអត្តឃាតនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការចែកចាយបណ្តាញអគ្គិសនី ក្នុងខេត្តប៉ៃលិន។

តាមប្រភពពីមន្ត្រីអគ្គិសនីខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា ជនរងគ្រោះមានឈ្មោះស៊ាន សាវឿង មានតួនាទីជាប្រធានផ្នែក ប្រចាំការនៅចំណុចចែកចាយបណ្តាញអគ្គិសនី អន្លង់រុន ចុងក្រោយត្រូវបានប្តូរទៅបំពេញការងារនៅខេត្តប៉ៃលិន ជាប្រធានការិយាល័យ។ ចន្លោះពេលដែលទើបទទួលការងារថ្មីនេះ ជនរងគ្រោះធ្លាប់បានសុំថ្នាក់លើឲ្យខ្លួនបានបម្រើការងារនៅខេត្តបាត់ដំបង វិញ បើមិនបានតួនាទីជាប្រធានផ្នែក សុំត្រឹមប្រធានវេន ឬបុគ្គលិកធម្មតាក៏បាន ដោយបញ្ជាក់ពីមូលហតុថា កន្លងមករូបគេធ្លាប់មានបញ្ហាផ្លូវចិត្ត ព្រោះនៅឆ្ងាយពីផ្ទះ គិតច្រើន ទៅជាឈឺជំងឺផ្លូវចិត្តម្តងហើយ ជាពិសេសគេមិនចង់រស់បែកក្រុមគ្រួសារ និងប្រពន្ធ តែពុំមានការឆ្លើយតបវិជ្ជមាន ស្រាប់តែចុងក្រោយ មន្ត្រីម្នាក់នេះ បានធ្វើអត្តឃាត ដោយប្រើប្រាស់ខ្សែភ្លើងស្រាត ចងកដៃ កជើងរបស់ខ្លួន ហើយបើកបារ៉ែតភ្លើង បណ្តាលឱ្យឆក់ឆេះខ្លោចស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

តាមប្រភពពីអ្នកស្រី វង្ស ភ័ក្ត្រា ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា ប្តីរបស់អ្នកស្រី មានឈ្មោះស៊ាន សាវឿង ជាបុគ្គលិកអគ្គិសនីកម្ពុជា ខេត្តបាត់ដំបង ប្រចាំទីស្នាក់ការបណ្តាញអគ្គិសនី (GS) ក្នុងភូមិអន្លង់រុន ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្តីរបស់អ្នកស្រី បានធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ទីស្នាក់ការចែកចាយបណ្តាញអគ្គិសនី ក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា មុនពេលបញ្ចប់ជីវិតខ្លួនឯង ដោយគ្រោងទុកមុននេះ ជនរងគ្រោះឈ្មោះ ស៊ាន សាវឿង បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន លាយាយតា ឪពុកម្តាយ និងប្រពន្ធ ព្រមទាំងបានបែងចែកទ្រព្យសម្បត្តិដែលខ្លួនបន្សល់ទុកជូនយាយតា ឪពុក និងប្រពន្ធផងដែរ ។

ជនរងគ្រោះបានសរសេរថា “ខ្ញុំសុំទោសពុកម៉ែបងប្អូនទាំងអស់គ្នា និងប្រពន្ធសម្លាញ់ ខ្ញុំខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកជារៀងរហូតទៅ។ ទ្រព្យសម្បត្តិទាំងអស់ សូមបែងចែកដូចតទៅ ៖

១- ម៉ូតូ Dream 021 និងដីឡូត៍ ២ឡូត៍ ទុកចែកជូនប្រពន្ធខ្ញុំ។

២- ម៉ូតូ Wave ទុកចែកអាឡយ កូនចែវៀង។

៣- ដីស្រែ ជូនម៉ែយាយវិញចុះ។

៤- លុយបញ្ញើក្នុងកុងធនាគារ មាន​ ៣០លានរៀល ចែកជា ៣ចំណែក ៖

– ១០លានរៀល ទុកចិញ្ចឹមម៉ែយាយ។

– ១០លានរៀល ទុកចិញ្ចឹមពុកវ័ន្ត ចុះ ព្រោះកន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ។

– ១០លានរៀលទៀត ទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំ រៀនសូត្រឲ្យចប់ ។

៥- លុយប្រាក់ខែក្នុងកុងធនាគារ ទុកធ្វើបុណ្យសពខ្ញុំចុះ។

៦- កូនសូមទោសម៉ែខាន់ ដែលកូនមិនមានអ្វីតបស្នងសងគុណម៉ែវិញ។

សូមពុកម៉ែ បងប្អូន និងប្រពន្ធសម្លាញ់ កុំយំសោកស្តាយអី ខ្ញុំទៅបានសុខហើយ។ លាហើយអ្នកទាំងអស់គ្នា”។

បុរសដដែល បានសរសេរបញ្ជាក់ចុងក្រោយ ផ្តាំទៅថ្នាក់លើរបស់ខ្លូនថា «អត្តឃាតរបស់ខ្ញុំ ឬឃាតកម្មផ្លូវចិត្តមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេរទីតាំងបុគ្គលិក ពីស្រុកកំណើតគេ ឲ្យទៅឆ្ងាយផ្ទះ។ ផ្ទះខ្ញុំ ប្រពន្ធខ្ញុំ ម្តាយឪពុកខ្ញុំ រួមទាំងខ្ញុំ មានទីតាំងនៅបាត់ដំបង ជិត GS អន្លង់រុន ស្រាប់ ហេតុអ្វីផ្ទេរខ្ញុំទៅ GS ប៉ៃលិន ទាំងដែលខ្ញុំមិនចង់ទៅ? សូមថ្នាក់ដឹកនាំគួរពិចារណាឡើងវិញ”។

ដោយឡែកស្ត្រីឈ្មោះ វង្ស ភ័ក្ត្រា ជាភរិយារបស់មន្ត្រីអគ្កិសនីដែលធ្វើអត្តឃាតខាងលើ បានបង្ហោះរូបភាពឱបសពប្តី ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ជាមួយសំណេររៀបរាប់យ៉ាងកម្សត់ថា “Good morning my husband  i love you so much បើកភ្នែកមក ត្រឡប់មករកអូន ឱបអូន ថើបអូនដូចរាល់ថ្ងៃ មុនទៅធ្វើការម៉េចមិនមកយកអូនទៅផង អូនឯកាណាស់ ចង់មានអ្នកកំដរអូនញ៉ាំបាយ ពេលងូតទឹក មើលរឿង ពេលទៅដើរលេង ថតរូបឲ្យអូនស្អាតៗ ហេតុអ្វីពេលនេះបងទៅចោលអូន គ្មានថ្ងៃត្រឡប់បែបនេះ? ថ្ងៃយើងរៀបការ 22.02.2021 ហើយថ្ងៃបងចាកចេញពីអូន 25.06.2022 បន្សល់ទុកឲ្យអូននៅម្នាក់ឯងឯកាបែបនេះ អូននឹកបងខ្លាំងណាស់ ប្ដីដ៏ល្អរបស់អូន”។

ស្ត្រីជាភរិយា សរសេរបន្ថែមនៅរសៀលថ្ងៃដដែលនោះថា “ប្ដីហត់ហើយ បងសម្រាកទៅឡើងតំណែងបាន ១ខែ ប្ដីក៏ចាកចោលអូន អូនទទួលមិនបានទេ។ សូមបងទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ Sean Savoeung កើតជាតិក្រោយ កើតជាគូគ្នាទៀតអូនស្រឡាញ់បងខ្លាំងណាស់ 25.06.2022 បងចាកចោលអូនទៅ ទោះប្រាក់ខែប្រាំបួនរយ ឬមួយពាន់ដុល្លារ ក៏មិនអាចធ្វើឲ្យមនុស្សមានក្ដីសុខបានដែរ បើធ្វើការមានសម្ពាធ គ្មានក្ដីសុខ”៕

RELATED ARTICLES