ខេត្តស្វាយរៀង ៖ យុវជនម្នាក់ បានរងរបួសក្បាលធ្ងន់ បន្ទាប់ពីត្រូវក្រុមជនដៃដល់ ១ក្រុម បានធ្វើសកម្មភាពជិះ ម៉ូតូមកព្រួតកាប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ដោយមូលហេតុផ្តើមចេញពីរឿងឌឺដងដាក់ស្រីស្នេហ៍របស់គេ។
ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចខាងមុខវិទ្យាល័យស្វាយរៀងខាងជើង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យុវជនរងគ្រោះដែលត្រូវគូទំនាស់កាប់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះអន វាសនា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិដូនលែប ឃុំជប់ព្រីង ស្រុកស្វាយជ្រំ។ ចំណែកឯក្រុមជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវស្វែងរកចាប់ខ្លួន។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ នៅចំណុចខាងមុខវិទ្យាល័យស្វាយរៀង ខាងជើង បណ្តាលឱ្យរងរបួសត្រង់ក្បាលធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែក្រុមជនសង្ស័យ បានជិះគេចខ្លួនបាត់អស់ បន្សល់តែជនរងគ្រោះដេកដួលក្នុងថ្លកឈាមនៅនឹងកន្លែងកើតហេតុ។
ក្រោយមក ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែការឌឺដងរឿងស្រីដាក់គ្នា ទើបបង្កការជាហិង្សាខាងលើកើតឡើង។
បច្ចប្បន្នសមត្ថកិច្ចកំពុងធ្វើកាស្រាវជ្រាវរកជនសង្ស័យទាំង ៦នាក់ ដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់៕