ខេត្តកណ្តាល ៖ គូសង្សារវ័យក្មេង ២នាក់ ទើបនឹងត្រឡប់មកពីដើរលេងវិញ ស្រាប់តែបែកកង់ម៉ូតូ គាប់ជួនយប់ជ្រៅ គ្មានកន្លែងប៉ះ ក៏នាំគ្នាបណ្តើរម៉ូតូបណ្តើរ សាសងគ្នាបណ្តើរ ស្រាប់តែជួបនឹងក្រុមក្មេងទំនើងរហស្សនាម ពេជ្រ លង បានធ្វើសកម្មភាពព្រួតដេញកាប់ប្លន់យកម៉ូតូ ទៅបាត់ លុះសមត្ថកិច្ចបើកការស្រាវជ្រាវ ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងនោះមានម្នាក់ឈ្មោះពេជ្រ លង។
ករណីកាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល។ លុះក្រោយពីសមត្ថកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ចំនួន២នាក់ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យដេញកាប់ប្លន់ម៉ូតូ មានឈ្មោះសែម ដេវីត ហៅក្លូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នករត់តុ មានលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-9216 (រកឃើញរួចបានប្រគល់ឱ្យជនរងគ្រោះវិញ)។
មន្ត្រីនគរបាល បានឱ្យដឹងបន្តថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពីជនរងគ្រោះ មានគ្នាចំនួន ៥នាក់ រួមមាន ៖ ទី១-ឈ្មោះម៉ឺន សាម៉ី ហៅម៉ី ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ទី២-ឈ្មោះ សឿន ផាន ហៅពេជ្រ លង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល (ឃាត់ខ្លួន)។ ទី៣-ឈ្មោះខា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល (គេចខ្លួន)។ ទី៤-ឈ្មោះតាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម (គេចខ្លួន) និងទី៥-ឈ្មោះពីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម (គេចខ្លួន)។
ចំណែកវត្ថុតាងដែលចាប់ដកហូតបាន រួមមាន ១-ម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-9216 (ជារបស់ជនរងគ្រោះ)។ ២-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-1409 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះបានមកស្នាក់នៅធ្វើការនៅហាងយីហោនគរមាស នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល លុះមកដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបានចេញពីធ្វើការជិះម៉ូតូ ជាមួយ សង្សាររបស់ខ្លួន រួចក៏ហួសទៅដើរលេងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ លុះដល់ម៉ោងប្រហែល ៣ទៀបភ្លឺ ថ្ងៃដដែល ជនរងគ្រោះ និងសង្សារ បានជិះម៉ូតូឆ្លងទូកដអរិយក្សត្រត្រឡប់មកហាងកន្លែងធ្វើការវិញ លុះពេលជនរងគ្រោះជិះមកហួសវត្តស្វាយជ្រំ ឃុំស្វាយជ្រំ បានបន្តិច កង់ម៉ូតូក៏ធ្លាយជនរងគ្រោះនិងសង្សារ នាំគ្នាបណ្តើរម៉ូតូ រហូតដល់ម៉ោង ៣និង៣០នាទីទៀបភ្លឺ ពេលជនរងគ្រោះបណ្តើរម៉ូតូជិតដល់កន្លែងខ្លួនធ្វើការ ចម្ងាយប្រហែល ៥០ម៉ែត្រ ស្រាប់តែឃើញជនសង្ស័យចំនួន ៥នាក់ខាងលើ ជិះម៉ូតូចំនួន ២គ្រឿងមកហួសជនរងគ្រោះបានបន្តិចក៏បត់ម៉ូតូត្រឡប់ ក្រោយវិញ មកឈប់ម៉ូតូពីខាងមុខម៉ូតូជនរងគ្រោះ និងស្រែកថា អ្ហែងឈប់! ហើយជនសង្ស័យឈ្មោះពីន កាន់ដាវ បានចុះពីលើម៉ូតូរត់ដេញកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះ រត់ចោលម៉ូតូរបស់ខ្លួន ហើយជនសង្ស័យទាំងនោះបានលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់។ បន្ទាប់មក ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ ស្វែងរកជនសង្ស័យ។
លុះដល់ម៉ោង ១រសៀលថ្ងៃដដែល ជនរងគ្រោះ បានដើរស្វែងរកម៉ូតូខ្លួន ក៏ប្រទះឃើញម៉ូតូខ្លួននៅរោងជួសជុល ម៉ូតូនៅភូមិលើ ឃុំស្វាយជ្រំ ហើយជនរងគ្រោះក៏សួរអ្នកជួសជុលម៉ូតូថា បងស្គាល់អ្នកយកម៉ូតូនេះមកប៉ះទេ ហើយគាត់នៅឯណា? អ្នកជួសជុលម៉ូតូបានប្រាប់ថា ស្គាល់វាឈ្មោះផាន ហៅពេជ្រ លង រស់នៅភូមិលើ ឃុំស្វាយជ្រំ។
ពេលយកម៉ូតូមកប៉ះនោះឈ្មោះ ពេជ្រ លង និងឈ្មោះឃីម ហើយអ្នកជួសជុលម៉ូតូ ក៏នាំជនរងគ្រោះទៅផ្ទះឈ្មោះសឿន ផាន ស្របពេលនោះ ឈ្មោះសឿន ផាន បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-1409 ជាមួយឈ្មោះ ឃីម ជិះចេញបញ្ច្រាសម៉ូតូជនរងគ្រោះ ជនរងគ្រោះ ក៏ជិះម៉ូតូដេញតាមឈ្មោះសឿន ផាន និងឈ្មោះខា ឃីម ហើយស្រែកថា ចោរ!ៗ លុះជនសង្ស័យទាំងពីរ នាក់ជិះដល់ក្រោមដើមស្វាយ នៅភូមិលើ ឃុំស្វាយជ្រំ ក៏ទុកម៉ូតូចោលនៅទីនោះរត់គេចខ្លួនបាត់ទៅ។
រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០យប់ កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ឺន សាម៉ី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី៕