Monday, November 25, 2024
Homeព័ត៌មានជាតិចងដៃវ៉ៃសម្លាប់ បោះសពចូលទឹក

ចងដៃវ៉ៃសម្លាប់ បោះសពចូលទឹក

ខេត្តពោធិ៍សាត់ ៖ សាកសពបុរសម្នាក់ មានសភាពហើមស្អុយ និងថែមទាំងមានស្លាកស្នាមរបួសសុសខ្លួន ព្រមទាំងជាប់ចំណងដៃផងនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ សង្ស័យជាករណី ឃាតកម្ម ចាប់ចងដៃវ៉ៃសម្លាប់ រួចបោះសពចោលក្នុងទឹក។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចរណ្តៅដីក្បែរជើងភ្នំ (វត្តភ្នំហែផ្កា) ស្ថិតនៅភូមិជ័រម្កាន ឃុំត្នោតជុំ ស្រុកក្រគរ។

សាកសពជនរងគ្រោះ មានឈ្មោះទុយ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសពហើមស្អុយអណ្តែតលើផ្ទៃទឹក ក្នុងរណ្តៅដីក្បែរជើងភ្នំ (វត្តភ្នំហែផ្កា) ក្នុងភូមិសាស្ត្រទីតាំងកើតហេតុខាងលើ សង្ស័យជាករណីឃាតកម្ម។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ រួចបញ្ជាក់ថា សាកសពជនរងគ្រោះ ស្លៀកខោខូវប៊ូយជើងវែង ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ សម្បុរខ្មៅស្រអែម នៅលើខ្លួនប្រាណសព មានស្នាមរបួសលើថ្ងាស លើចិញ្ចើមខាងស្តាំ ក្រោមភ្នែកខាងស្តាំ លើត្រចៀកខាងស្តាំ កខាងឆ្វេង៣កន្លែង ខ្នងក្រោមស្លាបប្រចៀវខាងស្តាំ ដៃទាំង២ជាប់ចំណង ចងដោយក្រមាក្រឡាការ៉ូ ពណ៌ខៀវស ហើយសាកសពមានសភាពហើមស្អុយ អាចស្លាប់ច្រើនម៉ោង។ ចំណែកនៅលើដី ក្បែរនោះ ឃើញមានស្នាមតំណក់ឈាម និងស្បែកជើងកវែងពណ៌ខ្មៅ ១គូផងដែរ។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានដាក់ការសង្ស័យថា អាចជាករណីឃាតកម្ម ចាប់ចងដៃ រួចវាយសម្លាប់ បន្ទាប់មក ក៏យកសាកសពទៅបោះចោលក្នុងទឹករណ្តៅដីខាងលើតែម្តង។ តែយ៉ាងណា សមត្ថកិច្ចជំនាញ ពុំទាន់បានផ្តល់ព័ត៌មានជាក់លាក់នៅឡើយទេ ខណៈកំពុងញាប់ដៃញាប់ជើងក្នុងការពិនិត្យនិងធ្វើកាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។

ដោយឡែក  សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនបងប្រុសបង្កើត ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES