ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាចេញទៅដកដំឡូងនៅក្នុងចម្ការ ដូចសព្វដង ស្រាប់តែក្រោយមកក៏មានភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់ និងផ្គររន្ទះទៀតផង ស្រាប់តែរំពេចនោះ រន្ទះបានបាញ់ចំស្ត្រីជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកបុរសជាប្តី សំណាងល្អ មិនទទួលរងរបួសអ្វីនោះទេ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចចម្ការដំឡូងមី មួយកន្លែងត្រង់ចំណុចភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ មានឈ្មោះឯក សុខខៃ ភេទស្រី អាយុ២៤ឆ្នាំ ប្តីឈ្មោះមូន រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ និងមានកូនចំនួន ២នាក់ក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធជនរងគ្រោះ បាននាំគ្នាទៅចម្ការ ដើម្បីដកដំឡូងមី ដូចសព្វមួយដង លុះនៅវេលាម៉ោងប្រមាណជាង ៤រសៀល ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២២ មេឃមានសភាពខ្មៅអួអាប់ និងមានខ្យល់ លាយឡំភ្លៀង ស្រាប់តែរំពេចនោះ រន្ទះបាញ់បានបាញ់ចំទៅលើស្ត្រីរងគ្រោះ ជាប្រពន្ធ បណ្តាលឱ្យរងរបួស ធ្ងន់ ដោយមានអាការក្រហល់ក្រហាយ និងចុកពេញពោះ រីឯបុរសជាប្តីដែលនៅក្បែរនោះ មិនមានរងរបួសអ្វីឡើយ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពទំនប់ដាច់ តែដោយសារលោកគ្រូពេទ្យមើលឃើញថា អ្នកជំងឺមានសភាពធ្ងន់ ក៏បានឱ្យសាច់ញាតិដឹកបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែម្តង។
លោកមូន រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្តីស្ត្រីជនរងគ្រោះដោយសាររន្ទះបាញ់ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ថា បច្ចុប្បន្ននេះប្រពន្ធរបស់លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង នៅឡើយ ចំពោះស្ថានភាពវិញ គឺនៅមានអាការក្អួតចង្អោរ ដូចជាមិនទាន់បានរាងស្រួលនៅឡើយនោះទេ មិនដឹងថាត្រូវសម្រាកប៉ុន្មានថ្ងៃ ទើបអាចត្រឡប់ទៅផ្ទះបានវិញបាន ពីព្រោះស្ថិតនៅការព្យាបាលរបស់គ្រូពេទ្យ និងតាមដានជំងឺរបស់ប្រពន្ធគាត់ជាបន្តទៀត៕ ប៊ុនថេត