Tuesday, April 23, 2024
Homeព័ត៌មានជាតិទិញម៉ូតូចោរជិះបាន១០ថ្ងៃ ជាប់ខ្នោះ

ទិញម៉ូតូចោរជិះបាន១០ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីទិញម៉ូតូ ១គ្រឿង ពីជនសង្ស័យដែល ទើបនឹង ធ្វើសកម្មភាពលួចបានសម្រេច។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មានករណីលួចម៉ូតូ ១គ្រឿង បានកើតឡើងកាលពីវេលាម៉ោង ២និង៤៦នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យោងតាមសំណុំរឿងលេខ៥២ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើមបណ្តឹងឈ្មោះ Derick (ឌេរិក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចាត់កម្លាំងជំនាញ ចុះស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសឹង្ហ ចំណាន ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Suzuki Raider ពណ៌ខៀវ លាយខ្មៅ របស់ជនរងគ្រោះឈ្មោះ Derick ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzuki Raider ពណ៌ខៀវ លាយខ្មៅ របស់ជនរងគ្រោះនោះទេ ចំពោះម៉ូតូដែលខ្លួនបានជិះ គឺខ្លួនបានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែល២៦ឆ្នាំ ដែលបានយកម៉ូតូខាងលើ មកលក់ឱ្យខ្លួន ក្នុងតម្លៃ ៣៦០០០បាត ណាមួយដោយសារតែខ្លួនទើបតែលេងហ្គេមបាញ់ត្រីឈ្នះផង ខ្លួនក៏បានទិញយកម៉ូតូខាងលើតែម្តង ហើយក្នុងការទិញម៉ូតូនេះ ខ្លួនក៏បានដឹងដែរថា ម៉ូតូខាងលើនេះ គឺបុរសមិនស្គាល់ឈ្មោះខាងលើ បានធ្វើសកម្មភាពលួចពីជនជាតិឥណ្ឌូនេស៊ីម្នាក់ តែខ្លួនមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ គឺខ្លួននៅតែបន្តជិះម៉ូតូនោះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត និងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យលួចម៉ូតូផងដែរ។

លោករវសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីហើយ៕

RELATED ARTICLES