Friday, March 29, 2024
Homeព័ត៌មានជាតិជម្លោះព្រំដី កាប់១ផ្គាក់រយះថ្ពាល់

ជម្លោះព្រំដី កាប់១ផ្គាក់រយះថ្ពាល់

ខេត្តស្វាយរៀង ៖ បុរស២នាក់ បានកើតមានជម្លោះនឹងគ្នាពីរឿងព្រំដី ផ្លូវចូលផ្ទះមុខក្រោយ ជាហេតុធ្វើឱ្យកើតជាអំពើហិង្សា ដោយភាគីម្ខាងបានស្ទុះទាញកាំបិតផ្គាក់ កាប់ប្រហារគូទំនាស់ បណ្តាលឱ្យរយះថ្ពាល់ រងរបួសយ៉ាងធ្ងន់ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិបឹងកែក ឃុំធ្មា ស្រុករំដួល។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលកាប់គូទំនាស់ ១ផ្គាក់ បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះចិន ខេន អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបឹងកែក ឃុំធ្មា ស្រុករំដួល។ ចំណែកជនរងគ្រោះ មានឈ្មោះយិន សាមាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ពីរឿងដីផ្លូវចូលផ្ទះរបស់ខ្លួន រហូតដល់ជម្លោះកាន់តែតឹងសរសៃកដាក់គ្នា ក៏ឈានដល់អំពើហិង្សា ដោយភាគីជនសង្ស័យ បានរត់ទៅទាញកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ត្រូវចំមុខផ្នែកខាងស្តាំ ១កាំបិត បណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួន បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ជួយឃាត់ និងរាយការណ៍ទៅសមត្ថកិច្ច មកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ជនសង្ស័យ និងវត្តុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES