Wednesday, April 17, 2024
Homeព័ត៌មានជាតិឪប៉ះកង់ កូនលេងដបសាំង ឆាបឆេះហ្មត់

ឪប៉ះកង់ កូនលេងដបសាំង ឆាបឆេះហ្មត់

ភ្នំពេញ ៖ បុរសអភ័ព្វម្នាក់ បាននាំកូនប្រុសតូចអាយុ ១ខួប មកពីខេត្ត សុំដីចំណីផ្លូវមុខផ្ទះគេ ដើម្បីប្រកបរបរប៉ះកង់ម៉ូតូ និងលក់សាំងដប គ្រាន់បានប្រាក់ដោះស្រាយជីវភាព លុះពេលកំពុងប៉ះកង់ម៉ូតូឱ្យគេភ្លេចខ្លួន មិនចាប់អារម្មណ៍ នឹងកូន ប្រុសតូចយកដបសាំងមកកាន់លេង ធ្វើឱ្យកំពប់សាំង ឆាបឆេះតូបប៉ះកង់យ៉ាងសន្ធោសន្ធៅ ហើយភ្លាមនោះ បុរសជាឪពុក បានស្ទុះរត់ទៅឱបកូនប្រុសរត់ចេញពីអណ្តាតភ្លើង ចំណែករបស់របរអ្វីក៏ជញ្ជូនចេញមិនទាន់ ធ្វើឱ្យក្លាយជាចំណីភ្លើង ខ្ទេចអស់គ្មានសល់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

តាមប្រភពពីបុរសអភ័ព្វជាម្ចាស់តូបប៉ះកង់ បានរៀបរាប់ប្រាប់ថា តូបប៉ះកង់ខាងលើនេះ គឺគាត់បានសុំដីគេសង់កូនតូប ដើម្បីរកស៊ី យកប្រាក់មកដោះស្រាយជីវភាព ២នាក់ឪពុកកូនប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់រលឹម គាត់ក៏បានយកសាំងក្នុងដបចំនួន ៣ដប ដែលដាក់លក់នៅខាងក្រៅ ជាប់ចិញ្ចើមផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរ ចូលមកក្នុងតូបដើម្បីកុំឱ្យត្រូវទឹកភ្លៀង បន្ទាប់មក គាត់ក៏បានទៅប៉ះកង់ម៉ូតូឱ្យភ្ញៀវ នៅចំណុចម្ខាងទៀត ពេលនោះកូនតូចរបស់គាត់ដែលទើបនឹងមានអាយុជាង ១ខួប បានទៅលេងដបសាំងដែលមានសាំងនៅក្នុងដបនោះ បណ្តាលឱ្យបែក បង្កជាអគ្គិភ័យឆាបឆេះឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះគាត់ក៏ប្រញាប់រត់ទៅជួយកូនរបស់គាត់ចេញមកខាងក្រៅ តែសម្ភារ:នៅខាងក្នុង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ត្រឹមតែរយៈពេលប្រមាណមិនលើសពី១៥នាទីឡើយ។

ក្នុងគ្រោះអគ្គិភ័យនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ដើម្បីយករថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ភ្លាមៗដែរ តែដោយសារតែស្ថានភាពភ្លើងឆេះលឿនពេក ហើយប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ ជួយបាញ់ ពន្លត់ មុនពេលរថយន្តពន្លត់អគ្គិភ័យបានមកដល់។ តែអ្វីដែលសោកស្តាយគឺ សម្ភារ: និងតូបទាំងមូល ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES